(ភ្នំពេញ)៖ ទីបំផុតទៅក្រោមសំណើរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យលុបចោលរាល់លិខិតទាំងឡាយ ដែលចេញដោយអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត មានភាពមិនស្របតាមនីតិវិធីពេញលេញកន្លងមក និងចេញដីកាដកហូតដីទាំងនេះមកជាសម្បត្តិរដ្ឋវិញ ចំពោះចំណែកដីចម្ការស្រល់ក្នុងស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
សេចក្តីសម្រេចនេះត្រូវបានបង្ហាញនៅក្នុងលិខិតណែនាំមួយទៅកាន់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអភិបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី២១ ខែមករា ឆ្នា២០២១នេះ។
ក្រៅតែពីឱ្យដកហូតដីដែលចេញលិខិតមានភាពមិនប្រក្រតី និងចេញដីការដកហូតមកជាសម្បត្តិរដ្ឋហើយនោះ ទីស្តីការគណៈរដ្ឋមន្ត្រី ក៏សម្រេចឱ្យរដ្ឋបាលខេត្តត្រូវសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិនិត្យចាត់វិធានការមួយចំនួនរួមមាន៖ ចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលដែលពាក់ព័ន្ធនឹងការរៀបចំឯកសារក្លែងក្លាយ, ចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលដែលរឹងទទឹង ឬពុំព្រមអនុវត្តស្របគាមវិធាននានា ដែលអាជ្ញាធរដាក់ចេញកន្លងមក និងនៅជាធរមាន, ចំណាត់ការផ្លូវច្បាប់លើអ្នកចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមិនប្រក្រតីលើដីស្ថិតក្នុងដែនសមត្ថកិច្ច ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ចំណាត់ការផ្លូវច្បាប់លើរាល់ការបំប្លែងដីរដ្ឋ នៅក្នុងដែនសមត្ថកិច្ចក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកជាដីកម្មសិទ្ធិឯកជនមិនមានប្រក្រតីភាព ដោយមិនបានសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានសម្រេចឱ្យរដ្ឋបាលខេត្តត្រូវរៀបចំផែនការសកម្មភាព ដើម្បីបើកយុទ្ធនាការបោសសំអាតទ្រង់ទ្រាយធំ លើការរំលោភទន្ទ្រាន ហ៊ុមព័ទ្ធយកដីរដ្ឋខុសច្បាប់តាមគ្រប់រូបភាព ដោយមានកិច្ចសហការគាំទ្រចូលរួមពីកម្លាំងចម្រុះថ្នាក់ជាតិ។
ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានសម្រេចឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវពិនិត្យលទ្ធភាពអាចស្នើធ្វើនិយ័តកម្ម ឬប្តឹងទៅតុលាការមោឃភាព ចំពោះវិញ្ញាបនបត្រសម្គាល់អចលនវត្ថុដែលមិនបានបំពេញនីតិវិធីពេញលេញនៅជាធរមាន។
សូមបញ្ជាក់ថា ការសម្រេចខាងលើកើតមានឡើងបន្ទាប់ពី លោក វេង សាខុន កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានធ្វើឡើងលិខិតមួយស្នើសុំសម្តេចតេជោ ឱ្យមានចំណាត់ការលើការរំលោភកាន់កាប់ដីចម្ការស្រល់នេះ។ ក្នុងលិខិតនោះ លោក វេង សាខុន បានរៀបរាប់យ៉ាងដូច្នេះថា ផ្ទៃដីដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន វូជីសាន និងក្រុមហ៊ុន ហួរ លីង វិនិយោគដាំដើមស្រល់ស្ថិតនៅក្នុងស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីនោះ ត្រូវបានរំលោភកាន់កាប់ខុសច្បាប់ជាហូរហែយ៉ាងអនាធិបតេយ្យអស់ជាច្រើនពាន់ហិកតា តាមរយៈការរំលោភទន្ទ្រានយកកាន់កាប់ពីជនមួយក្រុមតូចបំពានសិទ្ធិស្របច្បាប់ ដោយគ្មានខ្លាចរអែងច្បាប់ និងក្រុមហ៊ុនវិនិយោគ។
លោក វេង សាខុន បានបន្ថែមថា ដីដែលគេរំលោភកាន់កាប់នេះ ទីតាំងខ្លះមានការបញ្ជាក់ទិញ-លក់ដី ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់របស់អាជ្ញាធរមូលដ្ឋាន កន្លែងខ្លះទៀតមានទាំងបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុទៀតផង។ ជាមួយគ្នានេះ ផ្ទៃដីព្រៃធម្មជាតិដែលបានរក្សាទុក ការពារតាមជ្រលងដងអូរ ក្នុងតំបន់សម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនទាំងពីរនេះ ក៏ត្រូវទទួលរងការកាប់រានទន្ទ្រានយក ធ្វើជាកម្មសិទ្ធិខុសច្បាប់ផងដែរ។
លោករដ្ឋមន្ត្រីកសិកម្ម បានរៀបរាប់ជូនសម្តេចតេជោទៀតថា ក្រៅពីព្រៃស្រល់ និងព្រៃធម្មជាតិនៅក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំងពីរខាងលើ ក៏មានការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធវាតយកធ្វើជាកម្មសិទ្ធិខុសច្បាប់នូវដីចម្ការឈើស្រល់របស់រដ្ឋ និងដីចម្ការឈើស្រល់ ដែលព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងដាំក្នុងពិធីរុក្ខទិវាជាតិឆ្នាំ២០០៥ផងដែរ។
លោក វេង សាខុន បានសង្កត់ធ្ងន់ថា ទីតាំងខ្លះដែលគេបានទន្ទ្រានយកនេះ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងលិខិតកាន់កាប់ទៀតផង។
យោងតាមព័ត៌មានពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅឆ្នាំ២០០៥ រាជរដ្ឋាភិបាល បានផ្តល់សិទ្ធិវិនិយោគឱ្យក្រុមហ៊ុន វូជីសាន នូវផ្ទៃទំហំ ១ម៉ឺនហិកតា ដើម្បីដាំដើមស្រល់ បន្លែ និង ផ្លែឈើ និង រោងចក្រកែច្នៃ។ នៅឆ្នាំ២០១០ រាជរដ្ឋាភិបាលផ្តល់សិទ្ធិវិនិយោគឱ្យក្រុមហ៊ុនហួរលីង នូវផ្ទៃដីទំហំ ៨,៤០០ហិកតា ដើម្បីដាំដើមស្រល់។
លោក វេង សាខុន បានអះអាងថា ក្រុមហ៊ុនទាំងពីរ បានធ្វើការដាំដុះស្រល់ជាបន្តបន្ទាប់ ហើយគិតមកដល់ពេលនេះ ដើមស្រល់ដែលបានដាំរួចអាចធ្វើអាជីវកម្មប្រមូលផលបានផងដែរ។ ប៉ុន្តែផ្ទៃដីដែលបានដាំស្រល់រួចនេះ ត្រូវបានរំលោភកាន់កាប់ខុសច្បាប់ជាហូរហែយ៉ាងអនាធិបតេយ្យអស់ជាច្រើនហិកតា តាមរយៈការរំលោភទន្ទ្រានយកកាន់កាប់ពីជនមួយក្រុមតូច បំពានសិទ្ធិស្របច្បាប់ ដោយគ្មានខ្លាចរអែងច្បាប់ និងក្រុមហ៊ុនវិនិយោគ។
សូមបញ្ជាក់ថា ការរំលោភទន្ទ្រានយកដីរដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះ មិនមែនជារឿងថ្មីនោះឡើយសម្រាប់ខេត្តមណ្ឌលគិរី។ កាលពីឆ្នាំ២០២០ ក៏មានការសើរើលើករណីរំលោភទន្ទ្រានដីជានៅភូមិសាស្ត្រស្រុកអូររាំង និងស្រុកកែវសីមាផងដែរ។ កាលនោះជនពាក់ព័ន្ធនឹងការចេញលិខិតលក់ទិញដីទាំងនេះ បានរងការពិន័យ ហើយក្នុងនោះអភិបាលស្រុកកោះញែកលោក ស៊ិន វណ្ណវុឌ្ឍ ត្រូវបានដកហូតតំណែងផងដែរ៕