Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកឧត្តមសេនីយ៍ឯក ធន ធឿន នាំយកថវិកាបេឡាមរណសង្រ្គោះចំនួន ៤លានរៀល ប្រគល់ជូនគ្រួសារសមាជិកអតីតយុទ្ធជននៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

21-01-2021 17:07

(កំពង់ឆ្នាំង)៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ធន ធឿន មេបញ្ជាការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត រួមដំណើរជាមួយក្រុមការងារថ្នាក់ខេត្ត ក្រុង សង្កាត់ និងកងកម្លាំងប្រដាប់អាវុធទាំងបី បានចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។

ក្រៅពីលិខិតចូលរួមមរណទុក្ខ១ច្បាប់ អំណោយទាំងនោះរួមមាន៖ អង្ករ២បេ ទឹកស៊ីវអ៉ីវ ១យួរ និងទឹកត្រី១យួរ ជូនដល់លោក ស៊ឹម គឹមសេង ត្រូវជាកូនរបស់សពឈ្មោះ ស៊ឹម គឹមសួរ អតីតនគរបាល បច្ចុប្បន្នជាមេភូមិម៉ុងបារាំង បានទទួលមរណភាពនៅយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

នាឱកាសនោះលោកឧត្តមសេនីយ៍ បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដោយក្តីនឹករលឹក និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារសពផងដែរ។

ក្រុមគ្រួសារនៃសពក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងបានគោរពជូនពរសម្តេចឲ្យជួបប្រទះនូវពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ពួកគាត់នៅតែប្តេជ្ញាគាំទ្រសម្តេច ដើម្បីបន្តដឹកនាំប្រទេសជាតិ មានសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យជានិច្ចនិរន្តរ៍តរៀងទៅ៕