(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បានចេញប្រកាស ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ ដែលមានអក្សកាត់ថា «ល.ក.ន.យ» ។

តាមប្រកាសក្រសួងយុត្តិធម៌ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ (ល.ក.ន.យ) ត្រូវបំពេញមុខងារជាសេនាធិការឱ្យក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌ (ក.ន.យ.) លើកិច្ចការបច្ចេកទេសច្បាប់ កិច្ចការស្រាវជ្រាវ និងវិភាគ និងកិច្ចការរដ្ឋបាល ហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈ ដូចតទៅ៖

* ជួយ ក.ន.យ, លើការសិក្សា ស្រាវជ្រាវ និងការលើកយោបល់បច្ចេកទេសជូនក្រសួងយុត្តិធម៌ ចំពោះរាល់ការងារដែលជាសមត្ថកិច្ចរបស់ ក.ន.យ. ដូចមានកំណត់ក្នុងមាត្រា២ នៃអនុក្រឹត្យ លេខ ១៣៦ អនក្រ.បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌
* ជួយ ក.ន.យ. លើការវិភាគនយោបាយ និងគោលនយោបាយផ្នែកច្បាប់ ព្រមទាំងព័ត៌មាន ពាក់ព័ន្ធផ្សេងទៀត ដែលអាចជាមូលដ្ឋានដល់ការអភិវឌ្ឍវិស័យច្បាប់ យុត្តិធម៌ និងអភិបាលកិច្ច
* សម្របសម្រួល និងទទួលបន្ទុកការងាររដ្ឋបាលទូទៅប្រចាំថ្ងៃរបស់ ក.ន.យ.
* រៀបចំ និងសម្របសម្រួលកម្មវិធីការងារ កិច្ចប្រជុំ បេសកកម្ម និងពិធីការផ្សេងៗរបស់ ក.ន.យ.
* គ្រប់គ្រងការងារបុគ្គលិកក្នុង ល.ក.ន.យ, ទទួលបន្ទុករៀបចំ និងគ្រប់គ្រងថវិកា ទ្រព្យសម្បត្តិ បញ្ជីសារពើភណ្ឌ សន្និធិសម្ភារៈ សម្រាប់បម្រើ ការងារក្នុង ក.ន.យ.
* រៀបចំបែបបទទំនាក់ទំនងជាមួយក្រសួង ស្ថាប័ន និងអង្គការជាតិ និងអន្តរជាតិនានា
* រៀបចំឯកសារ របាយការណ៍ និងកំណត់ហេតុនៃកិច្ចប្រជុំ និងកម្មវិធីផ្សេងៗរបស់ ក.ន.យ.
* ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំរបស់ ក.ន.យ.
* អនុវត្តការងារផ្សេងទៀត តាមការប្រគល់ភារកិច្ចរបស់ប្រធាន ក.ន.យ ជាដើម៕

ខាងក្រោមនេះជាប្រកាសរបស់ក្រសួងយុត្តិធម៌៖