(ភ្នំពេញ)៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង បានរៀបចំពិធីចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទួលស្វាយព្រៃទី១ ក្រោមវត្តមានលោក ធឹម សំអាន ប្រធានអនុសាខា និងលោក ឈុន គឹមអ៊ូ ប្រធានកិត្តិយសអនុសាខា នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។
ក្នុងឱកាសនោះ លោក ធឹម សំអាន បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជា ពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
លោកប្រធានអនុសាខា បានណែរនាំទៅកាន់អាជ្ញាធរសង្កាត់-ភូមិ យកចិត្តទុកដាក់ និងស្រាវជ្រាវរកបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដើម្បីយើងរៀបចំជាអំណោយសប្បុរសធម៌ ចែកជូនដល់ពួកគាត់ ក្នុងន័យ ជួយសម្រាលការលំបាករបស់បងប្អូន ជាពិសេស ក្នុងពេលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចក្នុងគ្រួសារ ដោយសារជំងឺកូវីត-១៩នេះ ស្របតាមគោលការណ៍របស់កាកបាទក្រហមកម្ពុជា ដោយទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ចុះជួយជានិច្ច។
លោក ធឹម សំអាន បានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែន ដែលបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍ រីកចម្រើនដូចសព្វថ្ងៃនេះ ដោយជាក់ស្ដែង ទាក់ទងទៅនឹងការគ្រប់គ្រងជំងឺកូវីដ-១៩ សម្ដេច បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗជាច្រើន ដើម្បីទប់ស្កាត់មិនឱ្យមានការរីករាលដាលធ្ងន់ធ្ងរឡើយ ហើយមកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជាយើង ទាន់មានអ្នកស្លាប់ដោយសារជំងឺកូវីត-១៩ នោះទេ។
លើសពីនេះទៀត លោក ធឹម សំអាន សូមឱ្យបងប្អូនប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់ទៅ លើបញ្ហាអនាម័យជាប្រចាំ ដើម្បីចៀសវាងជំងឺឆ្លងផ្សេងៗ ជាពិសេស ជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ធ្វើឱ្យប្រជាជននៅ លើសកលលោក ក៏ដូចជាប្រទេសកម្ពុជា មានការព្រួយបារម្ភផងដែរ ដោយអនុវត្តតាម វិធីងាយៗទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល។
ក្នុងនោះដែរ លោក យ៉ាម យុទ្ធាតំណាងលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី១ ក៏បានឧបត្ថម្ភ នូវថវិកាក្នុងម្នាក់ ១០,០០០ម៉ឺនសរុប (៣០,០០០ម៉ឺន) ដោយមានការអញ្ជើញចូលរួមពី ចៅសង្កាត់ ព្រមទាំងសមាជិក-សមាជិកាអនុសាខាកាកបាទក្រហម។
លោកស្រី ស៊ិន រតនា បានបញ្ជាក់ថា អំណោយដែលបានចែកជូនក្នុង ០១គ្រួសារទទួលបានអង្ករ ២៥គីឡូ, ទឹកត្រី, ទឹកស៊ីអ៉ីវ, ទឹកដោះគោ, ស្ករស, សារ៉ុង១, ម៉ាស់, អាល់កុល, មី១០កញ្ចប់ និងថវិកា៣ម៉ឺនរៀល៕