(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍សហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារ អន្តរក្រសួងដើម្បីគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (ក.គ.អ.អ.) និងរដ្ឋបាលខេត្តសៀមរាប នឹងរៀបចំវេទិកាជាតិអេកូទេសចរណ៍ជាតិលើកទី២ អមជាមួយពិធីប្រកាស់ដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍ នាថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២១ ខាងមុខ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។
កម្មវិធីដ៏មានសារៈសំខាន់នេះនឹងប្រារព្ធឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានការងារក្រុមការងារអន្តរក្រសួង (ក.គ.អ.អ) តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍ការងារក្រុមការងារអន្តរក្រសួង (ក.គ.អ.អ) និងលោក វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានការងារក្រុមការងារអន្តរក្រសួង (ក.គ.អ.អ)។
អង្គវេទិកានឹងប្រព្រឹត្តទៅដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈអភិបាលរាជធានី-ខេត្ត ដែលជាសមាជិកក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ មន្ទីរជំនាញពាក់ព័ន្ធទាំងបី គឺទេសចរណ៍ បរិស្ថាន កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអង្គការជាតិ-អន្តរជាតិ និងដៃគូពាក់ព័ន្ធដែលធ្វើការងារពាក់ព័ន្ធនឹងសហគមន៍ តំណាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស ផ្នែកឯកជន ប្រតិបត្តិករទេសចរណ៍ សមាគមក្នុងវិស័យទេសចរណ៍ និងភាគីពាក់ព័ន្ធជាច្រើនទៀត។
អង្គវេទិកាប្រព្រឹត្តទៅដោយមានការរៀបចំជាកិច្ចពិភាក្សាបច្ចេកទេស (Panel Discussion) ដោយមានការចូលរួមពីវាគ្មិនសំខាន់ៗ អញ្ជើញមកពីស្ថាប័នសាធារណៈ ផ្នែកឯកជន តំណាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដៃគូជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធនានា ដោយលទ្ធផលនៃកិច្ចពិភាក្សានេះ នឹងត្រូវបញ្ចូលជាខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍លើកទី២ ស្តីពីការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលនឹងពិភាក្សា និងអនុម័តនាពិធីបិទវេទិកា។
កិច្ចពិភាក្សាបច្ចេកទេសនឹងផ្តោតលើប្រធានបទ ៣ សំខាន់គឺ៖
ទី១៖ ការវិវត្តន៍ និងអនាគតនៃវិស័យអេកូទេសចរណ៍ និងសហគមន៍ ក្នុងបរិបទជំងឺកូវីដ-១៩
ទី២៖ ភាពជាដៃគូបំពេញគ្នារវាងការអភិវឌ្ឍ និងការអភិរក្ស ក្នុងការជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍
ទី៣៖ ការគាំទ្រក្របខណ្ឌគោលនយោបាយអន្តរវិស័យ និងយន្តការជម្រុញការអភិវឌ្ឍសហគមន៍។
ទន្ទឹមនឹងនេះ អង្គវេទិកាក៏មានរៀបចំជាពិព័រណ៍ខ្នាតតូច ស្តីពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីបង្ហាញពីផលិតផល និងសមិទ្ធផលសំខាន់ៗពាក់ព័ន្ធនឹងការងារអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស។
ព្រមជាមួយអង្គវេទិកានឹងមានរៀបចំដំណើរទស្សនកិច្ចសិក្សា (Technical Tour) ទៅកាន់តំបន់សហគមន៍សំខាន់ៗមួយចំនួនក្នុងខេត្តសៀមរាប ដូចជា៖
* សហគមន៍ទេសចរណ៍កំពង់ភ្លុក
* សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍
* សហគមន៍ទេសចរណ៍ភ្នំគូលែន
* សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ
* សហគមន៍ភូមិធម្មជាតិរុនតាឯក
* សហគមន៍ទេសចរណ៍បឹងឈូកបន្ទាយស្រី៕