(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុប ១,៧៨០,១០៤គ្រឿង នៅក្នុងប្រទេសកម្ពុជា ត្រូវបាននគរបាលត្រួតពិនិត្យ ដោយក្នុងនោះ មានយានយន្តប្រមាណ ៣៥៥,៨៨០គ្រឿង ស្មើនឹង២០ភាគរយប៉ុណ្ណោះ ត្រូវបានរកឃើញល្មើសច្បាប់ចរាចរណ៍ផ្លូវគោក និងរងការផាកពិន័យ។ នេះបើតាម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ក្នុងចំណោមយានយន្ត ៣៥៥,៨៨០គ្រឿង ដែលត្រូវបានរកឃើញល្មើស និងផាកពិន័យនោះ មានម៉ូតូល្មើសចំនួន៦៧%។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា អត់ស្លាកលេខ ទូរស័ព្ទដៃ និងស្រវឹងជាដើម។ ដោយឡែកបទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន លើសចំណុះ ស្រវឹង ល្មើសសញ្ញា បត់ជែង អត់បណ្ណបើកបរ អត់ខ្សែក្រវាត់ និងប្រើប្រាស់ទូរស័ព្ទដៃជាដើម។
ទោះជាយ៉ាងនេះក្តី ពេញមួយឆ្នាំ២០២០ គ្រោះថ្នាក់ចររាចរណ៍នៅកម្ពុជា បានកើតឡើង ៣,១៧៩ ដែលថយចុះចំនួន៩៤២លើក ស្មើនឹង ២៣% បើធៀបនឹងឆ្នាំមុន។ អត្រាស្លាប់ មានចំនួន ១.៦៤៦នាក់ ថយ៣៣៥នាក់ ស្មើនឹង១៧% , របួសមានចំនួន ដែលថយ ១.៤៥៥នាក់ ស្មើនឹង ២៤% បើធៀបនឹងឆ្នាំមុន។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា មូលហេតុនៃការគ្រោះថ្នាក់ចររាចរណ៍ ឆ្នាំ២០២០ កន្លងទៅនេះ បណ្តាលមកពី បើកលើសល្បឿនកំណត់ ៣៣% មិនគោរពសិទ្ធិ ២៤% មិនប្រកាន់ស្ដាំ ១៥% វ៉ាជែង ១០% បត់មិនប្រយ័ត្ន ៩% ស្រវឹង ៥% កត្តាយានយន្ត ៣% ងងុយ ១%៕