(ស្វាយរៀង)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្វាយទាប បានថ្លែង បញ្ជាក់ថា ទោះបីប្រទេសកម្ពុជាមានសន្តិភាព ស្ថេរភាពរឹងមាំ ប៉ុន្តែសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្ដល់សេវាចាំបាច់នានា នៅតែជាបញ្ហាអាទិភាពដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អ ប្រសើរ ជីវភាពរុងរឿង និងសុខដុមរម្យនា។
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់យ៉ាងដូចនេះនាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំក្រុមការងារបើកវេទិកាសាធារណៈ ស្ដីពីគោលនយោបាយអភិវឌ្ឍន៍ ឃុំ សង្កាត់ ដោយមានការចូលរួមពីក្រុមការងារ និងអាជ្ញាធរដែនដីប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
ជាមួយគ្នានោះ លោកស្រី ភឿង សកុណា បានកោតសរសើរអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៃស្រុកស្វាយទាប ដែលបានលះបង់អស់កម្លាំងកាយចិត្តដោយមិនគិតពេលវេលាយប់ថ្ងៃ ដើម្បីបុព្វហេតុចូលរួមលើកកម្ពស់ការអភិវឌ្ឍ ការថែរក្សាសន្តិភាពនិងភាពសុខក្សេមក្សាន្តរបស់ប្រជាជន ស្របតាមគោលនយោបាយភូមិឃុំសង្កាត់ និងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលបានសម្រេចដាក់ចេញ។
លោកស្រីបានបញ្ជាក់ថា សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជាកត្តាគន្លឹះ ដែលផ្ដល់ភាពអនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងវិស័យផ្សេងៗទៀតឲ្យមានការរីកចម្រើនស្រប តាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានជំរុញដល់អាជ្ញាធរដែនដី ត្រូវរៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋឲ្យបានជាប់ជាប្រចាំ ដើម្បីផ្សព្វផ្សាយព័ត៌មាន និងដើម្បីទទួលបានព័ត៌មានត្រឡប់មកវិញអំពីបញ្ហាប្រឈម ព្រមទាំងការចូលរួមមតិលើការអភិវឌ្ឍនៅតាមបណ្ដាភូមិឃុំ និងត្រូវពង្រឹងលើកកម្ពស់គណនេយ្យភាព កិច្ចសហការប្រតិបត្តិការនៅក្នុងចំណោមសមាជិកក្រុមប្រឹក្សាឃុំ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមក្តីកង្វល់ សំណើសំណូមពរ និងតម្រូវការនានារបស់ប្រជាពលរដ្ឋ។
មិនតែប៉ុណ្ណោះអាជ្ញាធរមូលដ្ឋាន ត្រូវលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការផ្ដល់សេវាសាធារណៈ ផលប្រយោជន៍នានាពីការអភិវឌ្ឍ និងផ្ដល់នូវកិច្ចគាំពារផ្នែកសង្គម ប្រកបដោយសមធម៌ ជូនដល់ប្រជាពលរដ្ឋនៅក្នុងដែន សមត្ថកិច្ចរបស់ខ្លួន។ បង្កើនការយកចិត្តទុកដាក់ផ្ដល់សេវាចុះបញ្ជីកំណើត បញ្ជីអាពាហ៍ពិពាហ៍បញ្ជីមរណភាព សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋពលរដ្ឋ ប្រកបដោយភាពងាយស្រួលឆាប់រហ័សតម្លាភាព និងដោយគ្មានការ រើសអើង។
លោកស្រីបន្ថែមថា អាជ្ញាធរត្រូវពង្រឹង និងលើកកម្ពស់សមត្ថភាពក្រមសីលធម៌ព្រមទាំងឥរិយាបថរបស់មន្ត្រីប្រើសេវា ដើម្បីបញ្ចៀសបាននូវផលប៉ះពាល់ចំពោះសិទ្ធិ ផលប្រយោជន៍របស់ប្រជាជន និងបង្កការលំបាកដល់ធុរជនក្នុងការស្នើសុំសេវាសាធារណៈ។ មិនតែប៉ុណ្ណោះត្រូវបង្កើនការផ្ដល់សេវាគាំទ្រ ដល់ជនចាស់ជរា ពិសេសចាស់ ជរាក្រីក្រគ្មានទីពឹងដោយធានាឲ្យបានថា ពិតជាពុំមានចាស់ជរាណាដែលមិនបានទទួលការគាំពារឡើយ។
លោកស្រី ភឿង សកុណា ក៏បានណែនាំទៅអាជ្ញាធរផែនដីត្រូវបង្កើតមូលដ្ឋានផលិតកម្មក្នុងភូមិដូចជា ចម្លាក់ តម្បាញ ការផលិតសម្ភារៈផ្សេងៗដែល ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកស្របតាមគោលនយោបាយ (ភូមិមួយផលិតផលមួយ) ដោយជំរុញការផលិតស្របតាមលក្ខណៈភូមិសាស្ត្រ ប្រកបដោយផលិតភាព និងគុណភាព។
លើសពីនេះត្រូវជំរុញការដោះស្រាយវិវាទដីធ្លី និងសេវាផ្សេងក្រៅប្រពន្ធតុលាការ ដើម្បីភាពសុខដុមរមនាក្នុងសង្គម តាមរយៈបង្កើតក្រុមការងារចុះជួយ ដោះស្រាយ ដល់មូលដ្ឋានដោយផ្អែកលើច្បាប់។ រៀបចំឱ្យមានអនាម័យបរិស្ថានប្រកបដោយសុវត្ថិភាពនៅតាម ភូមិ ឃុំ ដែលមានសក្តានុពលទេសចរណ៍ជាពិសេសការរៀបចំភូមិ ឃុំឲ្យមានសុវត្ថិភាពរបៀបរៀបរយ និងបដិសណ្ឋារកិច្ច។ ពង្រឹងពង្រីកបណ្ដាញសហគមន៍ទេសចរណ៍មូលដ្ឋាន សំដៅលើកទឹកចិត្តប្រជាជនឲ្យចូលរួម អភិវឌ្ឍវិស័យ ទេសចរណ៍ ការពារបរិស្ថាន ការពារធនធានវប្បធម៌ និងធម្មជាតិផងដែរ៕