(ភ្នំពេញ)៖ កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត សម្រេចការសាងសង់បានប្រមាណ៥០%ហើយ ដោយគ្រោងបញ្ចប់ និងអាចបើកដំណើរការនៅចុងឆ្នាំ២០២១ ខាមុខនេះ ដើម្បីរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ ឡើងវិញ។
វឌ្ឍនភាពការងារនេះត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ (GMS TIIG No. 3194-CAM(COL) និង (GMS TIIG II No. 3701-CAM(COL) នៅខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា។ កិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគម្រោង។
គម្រោងនេះផ្តោតសំខាន់លើការអភិវឌ្ឍវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទេសចរណ៍ រួមមាន៖ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ប្រព័ន្ធសម្អាតទឹកកខ្វក់ផ្សារក្តាម ផ្លូវតាមបណ្តោយឆ្នេរ និងទីលានសំណល់រឹង (ខេត្តកែប) ដែលត្រូវអនុវត្តការងារបច្ចេកទេសសាងសង់ ដោយអង្គភាពអនុវត្តគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងដឹកនាំគ្រប់គ្រងដោយក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិគ្រប់គ្រងគម្រោង។
អង្គប្រជុំបានពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង ក្នុងនោះអនុគម្រោងកំពង់ផែទេសចរណ៍អនុវត្តបានប្រមាណ ៥០% ដោយគ្រោងបញ្ចប់ និងអាចបើកដំណើរការបាននៅចុងឆ្នាំ២០២១នេះ។
លោករដ្ឋមន្រ្តី ថោង ខុន ក៏បានណែនាំអង្គភាពពាក់ព័ន្ធជំរុញបន្តការអនុវត្តគម្រោងឲ្យមានប្រសិទ្ធភាព គុណភាព និងឈានទៅបញ្ចប់ការអនុវត្តគម្រោងតាមផែនការដែលបានគ្រោងទុក៕