(កំពង់ស្ពឺ)៖ លោកស្រី ស្រី លីនណា អតីតអនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរថ្មីជំនួសលោក ស៊ុ ចំរើន ដែលបានទទួលភារកិច្ចថ្មីនៅក្រសួង។
ពិធីប្រកាសបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នាសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា, លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងប្រភូអមដំណើរ រួមនិងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនោះ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គម អតីតយុទ្ធជន និងយុវនីតិសម្បទា បានកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិ សម្បទាខេត្តកំពង់ស្ពឺដែល បានខិតខំបំពេញការងារ ភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អ ប្រសើរ ដោយមានការទំនាក់ទំនងសហប្រតិបត្តិការជាមួយមន្ទីរ អង្គភាពពាក់ពន្ធ ដៃគូរអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ គ្រប់ប្រភេទក្នុងសង្គម ពិសេសកុមារកំព្រា កុមារងាយរងគ្រោះ ស្ត្រីមេម៉ាយ ចាស់ជរា ជនពិការ អតីតយុទ្ធជននិងអតីតមន្ត្រីរាជការស៊ីវិលក្នុងខេត្ត។
ជាមួយនោះដែរ លោក វង សូត បានផ្ដាំផ្ញើដល់ប្រធានមន្ទីរខេត្ត ដែលទទួលបានការតែងតាំងថ្មី ត្រូវខិតខំបន្ថែមទៀតក្នុងការបំពេញភារកិច្ចដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជននិងមាតុភូមិតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងថ្នាក់លើដាក់ជូន និងបន្តនូវរាល់ការពង្រឹងសេវាសុខមាលភាពសង្គមជនក្រីក្រងាយរងគ្រោះ សេវាសុខមាលភាពកុមារ និងយុវនីតិសម្បទា សេវាសុខមាលភាពជនពិការ និស្តារលទ្ធភាបពលកម្ម របបសន្តិសុខសង្គម សុខមាលភាពមនុស្សចាស់ មន្ត្រីរាជការស៊ីវិល និងប្រជាជនទូទៅ , របបសន្តិសុខសង្គមនិងសុខមាលភាពនៃអទិតយុទ្ធជននិងពង្រឹងសមត្ថភាពស្ថាប័នភាពជាដៃគូ កៀគរប្រភពធនធានបង្កើនប្រសិទ្ធិភាពសេវាសង្គមកិច្ច។
លោក បន្តថា ប្រធានមន្ទីរថ្មី ត្រូវបន្តរក្សាប្រពៃណី សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការជិតស្និទ្ធរវាងមន្ត្រីរាជការ ក្នុងអង្គភាព ក៏ដូចជាបណ្តាស្ថាប័ន មន្ទីរ អង្គភាព សង្គមស៊ីវិល ក្នុងការអនុវត្តន៍ការងារស្នូលរបស់ខ្លួន និងអនុវត្តន៍តាមគោលការណ៍ ណែនាំរបស់ក្រសួង ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនោះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ មានលើកឡើងថា ការតែងតាំងចូលកាន់មុខតំណែង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត គឺជាការយកចិត្តទុកដាក់ខ្ពស់ ពីសំណាកថ្នាក់ដឹកនាំក្រសួង ដែលជានិច្ចកាល គិតគូរពង្រឹងកែលម្អចនាសម្ព័ន្ធបណ្តាញក្រោមឱវាទ និងលើកទឹកចិត្តបំពេញបន្ថែម នូវគុណភាព គុណធម៌ និងសម្រូលនូវប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការ ទទួលខុសត្រូវចំពោះភារកិច្ចរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការ ក្នុងការបម្រើការងារជូនប្រជាពលរដ្ឋ និងប្រទេសជាតិពិសេសការអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ នូវយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ អាណត្តិទី៥ របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ៕