(ភ្នំពេញ)៖ គិតត្រឹមចុងឆ្នាំ២០២០ ផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនម្នាក់ៗនៅខេត្តស្ទឹងត្រែង មានចំនួន១,៥៣០ដុល្លារ ដែលបានធ្វើឱ្យ អត្រាភាពក្រីក្រថយចុះមកត្រឹម ២៤%។ នេះតាមរបាយការណ៍ ស្ដីពីការងាររបស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ក្នុងអាណត្តិទី៣ ដែលបានអានដោយ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ក្នុងសន្និសីទសារព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ ស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត»។
ខេត្តស្ទឹងត្រែង ស្ថិតនៅភាគឦសាននៃប្រទេស មានចម្ងាយ ៤៥៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានព្រំប្រទល់ខាងជើង ជាប់ខេត្តចាំប៉ាសាក់ និងខេត្តអត្តពឺនៃប្រទេសឡាវ ខាងកើតជាប់ខេត្តរតនគិរី ខាងត្បូងជាប់ខេត្តក្រចេះនិងខេត្តមណ្ឌលគិរី ខាងលិចជាប់នឹងខេត្តព្រះវិហារ និងខេត្តកំពង់ធំ។ ខេត្តនេះមានផ្ទៃដី ១២,០១៦គីឡូម៉ែត្រការ៉េ ចែកជា ៦ក្រុង ស្រុក ៣៤ឃុំ សង្កាត់ ១២៨ភូមិ បច្ចុប្បន្នខេត្តមានប្រជាជន ១៦៤,៥៩៨នាក់ ស្រី ៨២,៣១៨នាក់ ស្មើនឹង ៣៩,៣៨៧គ្រួសារ ក្នុងនោះប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ៩៣,៧០៤នាក់ អត្រាកំណើនប្រជាជន ៣.៨% គិតជាដង់ស៊ីតេប្រជាជន ស្មើនឹង ១៣នាក់ ក្នុង១គីឡូម៉ែត្រក្រឡា ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨៥,៣៤៩នាក់។
របាយការណ៍បានគូសបញ្ជាក់ថា «ប្រជាពលរដ្ឋប្រមាណ ៨០% ប្រកបរបរចិញ្ចឹមជីវភាព ដោយពឹងផ្អែកលើវិស័យកសិកម្ម ដែលមានស្រែ ចម្ការ ដាំដំណាំកសិឧស្សាហកម្ម ដំណាំសាវប្បកម្ម និងការនេសាទ ជាដើម មុខរបរក្រៅពីវិស័យនេះ មានវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម-សិប្បកម្ម សេវាកម្ម និងមន្ត្រីរាជការសាធារណៈ ដែលជាមូលដ្ឋានក្នុងការលើកកម្ពស់ សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅប្រចាំថ្ងៃ។ ផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនម្នាក់គិតត្រឹមចុងឆ្នាំ២០២០ ស្មើនឹង ១,៥៣០ដុល្លារ អត្រាភាពក្រីក្រថយចុះមកត្រឹម ២៤%»។
ខេត្តស្ទឹងត្រែង មានផ្ទៃដីខេត្តធំទូលាយ អនុគ្រោះលើការវិនិយោគលើវិស័យកសិកម្ម-កសិឧស្សាហកម្ម និងការពង្រីកផលិតកម្មកសិកម្ម។ ប្រភពទឹកកសិកម្ម និងប្រើប្រាស់ ពឹងផ្អែកលើសក្ដានុពលនៃទន្លេទាំងបួនក្នុងខេត្ត ប្រភពធនធានធម្មជាតិ ជីវៈចម្រុះ ជាមូលដ្ឋានតំបន់អេកូទេសចរណ៍ ទីជម្រកសម្រាប់ការពងកូនរបស់ពពួកត្រីមេពូជ ជាតំបន់ផ្ដល់ជីវិតនៃប្រព័ន្ធជីវៈចម្រុះ-ធនធានមច្ឆាជាតិដ៏សំខាន់ផងដែរ៕