(ព្រៃវែង)៖ លោក ផែង វណ្ណៈ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង តំណាងឲ្យលោក តោ ពន្លក ប្រធានក្រុម ការងារនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៦ បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋនៅតាមផ្ទះចំនួន៧ភូមិ ស្មើនឹង១០៣គ្រួសារ ក្នុងឃុំព្រៃឃ្នេស និង បាននាំយកមូលនិធិសម្ដេចក្រឡាហោម ស ខេង ទៅចែកជូនដល់ស្ត្រីសម្រាលកូនចំនួន ៧៩គ្រួសារ និងជូនគ្រួសារសពចំនួន១៤គ្រួសារ ដោយ ក្នុងមួយគ្រួសារៗ ទទួលបានថវិកា២០ម៊ឺនរៀល។
បន្ទាប់មកក្រុមការងារ បាននាំយករទេះរុញមួយគ្រឿង និងថវិកា១០ ម៊ឺនរៀលជូនដល់លោក យាយ ហឹម ហោ អាយុ៨៦ឆ្នាំ ពិការដើរមិនរួច នៅភូមិព្រៃឃ្នេស«ក» ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង និងចូលបុណ្យសព លោកតាអាចារ្យវត្តបារាជ ដែលបានទទួលមរណភាពក្នុងជន្មាយុ៨០ឆ្នាំចំនួន២០ ម៊ឺនរៀល។
ប្រជាពលរដ្ឋនៅឃុំព្រៃឃ្នេស បានសំដែងការត្រេកអរ និងសូមថ្លែង អំណរគុណចំពោះសម្ដេចក្រឡាហោម ស ខេង និងលោកស្រី ញ៉ែម សាខន ដែលជានិច្ចកាលតែងតែ យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនៅមូលដ្ឋានឃុំព្រៃឃ្នេស ក៏ដូចជា នៅខេត្តព្រៃវែងទាំងមូល៕