(បាត់ដំបង)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សហការជាមួយអង្គការមនុស្សចាស់កម្ពុជា បានបើកវគ្គបណ្តុះបណ្តាលអំពី «សិទ្ធិមនុស្ស និងអាទិភាពសម្រាប់មនុស្សចាស់» ដែលមានសមាជិកបណ្តាញមនុស្សវ័យចាស់កម្ពុជាចំនួន ៤៥នាក់ តំណាងឱ្យមនុស្សចាស់២៥,៨៦៧នាក់ ក្នុងចំណោម ២៨២សមាគម មកពីរាជធានី-ខេត្តចំនួន៥ រួមមាន៖ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ។
ពិធីបើកវគ្គបណ្តុះបណ្តាលអំពី «សិទ្ធិមនុស្ស និងអាទិភាពសម្រាប់មនុស្សចាស់» ត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដែលប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅសាលាខេត្តបាត់ដំបង។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងកសាងសមត្ថភាពមនុស្សចាស់ ដើម្បីបានស្វែងយល់ និងទទួលបានចំណេះដឹងអំពីសិទ្ធិមនុស្សជាសកល ច្បាប់ និងកិច្ចអន្តរាគមន៍នានានៅក្នុងប្រទេសកម្ពុជា ព្រមទាំងពិភាក្សាអំពីតម្រូវការរបស់មនុស្សចាស់ទាក់ទងទៅនឹងសិទ្ធិមនុស្ស។
តាមរយៈវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ សិក្ខាកាមបានបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំងជុំវិញប្រធានបទទាក់ទងនឹងសិទ្ធិ សេរីភាព និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ព្រមទាំងកាតព្វកិច្ចរបស់រដ្ឋក្នុងការការពារសិទ្ធិមនុស្ស តាមរយៈការចូលរួមជាមតិយោបល់ និងសំណួរជាច្រើនជុំវិញប្រធានបទសំខាន់ៗទាំងអស់នេះ។
នាឱកាសនេះផងដែរ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានលើកឡើងអំពីសារសំខាន់នៃការរៀបចំឱ្យមានយន្តការសមាគមមនុស្សចាស់នៅតាមសហគមន៍ ដែលជាការចូលរួមចំណែកមួយដ៏សំខាន់ក្នុងការជួយគាំទ្រទៅដល់មនុស្សចាស់ ដែលទីទាល់ ខ្វះទីពឹងពំនាក់ និងរស់នៅឯកោ និងគាំទ្រក្នុងការជំរុញឱ្យមានអនុសញ្ញាស្តីអំពីសិទ្ធិមនុស្សចាស់ ក៏ដូចជារាល់កិច្ចការងារដែលជួយគាំពារ និងលើកកម្ពស់សុខុមាលភាពមនុស្សចាស់នៅកម្ពុជា។
ជាមួយគ្នានេះដែរ លោក កែវ រ៉េមី ក៏បានសន្យាពាំនាំនូវកិច្ចការងារទាំងអស់នេះ ទៅដល់ថ្នាក់ដឹកនាំកំពូល ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងសន្យាជួយទំនាក់ទំនងទៅដៃគូអភិវឌ្ឍផ្សេងៗផងដែរ។
លោក កែវ រ៉េមី ក៏បានបង្ហាញអំពីការគាំទ្រ និងលើកសរសើរទៅដល់អង្គការមនុស្សចាស់កម្ពុជា ថាជាអង្គការគំរូមួយដែលយកចិត្តទុកដាក់ និងធ្វើកិច្ចការងារជាច្រើនក្នុងការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពមនុស្សវ័យចំណាស់នៅកម្ពុជា។
បន្ថែមពីលើនោះ លោក កែវ រ៉េមី ក៏បានអំពាវនាវដល់ក្រសួងជំនាញ អាជ្ញាធរថ្នាក់ខេត្ត មន្ទីរពាក់ព័ន្ធឱ្យជួយបន្តសហការ និងគាំទ្រទៅដល់អង្គការ និងសមាគមនុស្សចាស់ ជាបន្តបន្ទាប់ទៀត ដើម្បីជាឧត្តមប្រយោជន៍សម្រាប់មនុស្សវ័យចំណាស់ និងអ្នកជំនាន់ក្រោយដែលនឹងឈានទៅរកវ័យចាស់នៅថ្ងៃខាងមុខ។
លោក អ៊ុំ ណារិន្ទ សមាជិកនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះថា ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិស្មើៗគ្នា ក៏ប៉ុន្តែ សូមចងចាំថាការអនុវត្តសិទ្ធិរបស់បុគ្គលម្នាក់ៗក៏ត្រូវមានព្រំដែនកំណត់ដោយច្បាប់ប្រទេសនីមួយៗ។ ប្រទេសកម្ពុជា ក្រោមការដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិសេរីភាពស្មើៗគ្នា ហើយសិទ្ធិគ្រប់បែបយ៉ាងដែលប្រជាពលរដ្ឋខ្មែរទទួលបាននាពេលនេះ បានមកដោយសារប្រទេសកម្ពុជាមានសុខសន្តិភាព។
លោក អ៊ុំ ណារិន្ទ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើពីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជូនដល់លោកពូ អ្នកមីង និងបងៗទាំងអស់ពេលត្រឡប់ទៅផ្ទះវិញ សូមរក្សាគម្លាត ដោយអនុវត្តតាមវិធានសុខាភិបាល ដើម្បីការពារជំងឺកូវីដ-១៩ ព្រោះលោកពូ អ្នកមីង គឺជាមនុស្សចាស់ ដូច្នេះ វាងាយនឹងឆ្លងជំងឺនេះណាស់ ដោយសារតែខេត្តដែលបាត់ដំបង ជាខេត្តនៅជាប់នឹងព្រំដែនប្រទេសថៃ ខណៈបច្ចុប្បន្ននេះ ប្រទេសកម្ពុជា បានរកឃើញពលករខ្មែរត្រឡប់ពីប្រទេសថៃវិញ មានផ្ទុកជំងឺកូវីដ-១៩ ជាដើម។
បន្ថែមពីនេះ លោកក៏បានក្រើនរំឮកដល់សមាជិកមនុស្សចាស់ទាំងអស់ សូមណែនាំកូនចៅរបស់ខ្លួនដែលទើបត្រឡប់មកពីបរទេសវិញ ត្រូវទៅធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលរយៈពេល១៤ថ្ងៃ ដើម្បីធានាឱ្យកាន់តែច្បាស់ថាពួកគាត់គ្មានផ្ទុកជំងឺកូវីដ-១៩។
លោកស្រី អ៊ូ វណ្ណដា អាយុ៦៤ឆ្នាំ ប្រធានបណ្តាញមនុស្សវ័យចាស់កម្ពុជា បានបង្ហាញអំពីចំណាប់អារម្មណ៍ផ្ទាល់របស់លោកស្រីថា លោកស្រី មានសេចក្តីរំភើប ដែលបានចូលរួម និងទទួលបាននូវចំណេះដឹងអំពីសិទ្ធិមនុស្សនេះ ជាពិសេសក៏បានស្វែងយល់ និងពិភាក្សាទៅលើអាទិភាព ក៏ដូចជាតម្រូវការសំខាន់ៗ របស់មនុស្សចាស់ជុំវិញសិទ្ធិទាំងអស់នេះ។
លោកស្រីក៏បាន បង្ហាញពីទឹកចិត្តត្រេកអរក្រៃលែង ដែលបានលឺថា លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សន្យាគាំទ្រចំពោះការជំរុញឱ្យមានអនុសញ្ញាថ្មីស្តីអំពីសិទ្ធិមនុស្សចាស់។
ដោយឡែកលោក ញឹក សារ៉ន អាយុ៦៩ឆ្នាំ សប្បាយរីករាយណាស់ ដែលបានចូលរួម និងទទួលចំណេះដឹងអំពីសិទ្ធិមនុស្ស និងអាទិភាពសម្រាប់មនុស្សចាស់។ លោកក៏បានបង្ហាញអំពីមោទនភាពដែលបានលឺសម្តីផ្ទាល់របស់លោកប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សន្យាគាំទ្ររាល់សកម្មភាពរបស់សមាគមមនុស្សចាស់ ក្នុងកិច្ចការងារលើកកម្ពស់សុខុមាលភាពមនុស្សចាស់នៅកម្ពុជា។
សូមបញ្ជាក់ថា បណ្តាញមនុស្សវ័យចាស់កម្ពុជា គឺជាវេទិការមួយសម្រាប់សមាគមមនុស្សចាស់ អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័ននានាបានពិភាក្សាគ្នា និងធ្វើកិច្ចការរួមគ្នាដើម្បីលើកម្ពស់គុណភាពជីវិតមនុស្សចាស់ និងចូលរួមចំណែកក្នុងការអនុវត្តនូវគោលនយោបាយនានាប្រកបដោយប្រសិទ្ធភាពដែលជាប្រយោជន៍សម្រាប់មនុស្សវ័យចាស់៕