(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បានទទួលទឹកសម្លាប់មេរោគធម្មជាតិ Ebiodis (Organic & Antiseptic Disinfectant) ពីសំណាក់ក្រុមហ៊ុន Leisure Asia Corporation ដែលតែងតែឧបត្ថម្ភទឹកសម្លាប់មេរោគប្រភេទនេះដល់ក្រសួង ស្ថាប័នមួយចំនួនរួចមកហើយ។
ការប្រគល់ទទួលជំនួយឧបត្ថម្ភនេះធ្វើឡើងក្រោមវត្តមានលោក សេង ឡូត តំណាងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយលោកស្រី ហេង ពិសី អគ្គនាយិកា និងលោក Ivan Yanushkevich អ្នកជំនាញការផលិតកម្មនៃក្រុមហ៊ុន Leisure Asia Corporation។
លោក សេង ឡូត បានកោតសរសើរដល់ក្រុមហ៊ុនដែលបានផលិត និងឧបត្ថម្ភទឹកសម្លាប់មេរោគប្រកបដោយគុណភាពនៅកម្ពុជា ដែលជាការចូលរួមចំណែកដល់ការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺ និងមេរោគនានា ពិសេសជំងឺកូវីដ១៩។
លោកស្រី ហេង ពិសី បានថ្លែងអំណរគុណដល់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងមន្រ្តីរាជការក្រោមឱវាទទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋយ៉ាងសកម្មក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិសេសលោកឧបនាយករដ្ឋមន្ត្រីតែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ និងវិបុលភាព ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
នាឱកាសនោះ ក្រុមហ៊ុនបានចូលរួមឧបត្ថម្ភដល់ក្រសួងដែនដីនូវទឹកសម្លាប់មេរោគម៉ាក Ebiodis ប្រភេទ៣០លីត្រ (៣៣កាន) ៥លីត្រ (៣០កាន) ១លីត្រ (១២០កាន) ៥០០មីលីលីត្រ (១២០ដប) ១០០មីលីលីត្រ (២៤០ដប) ឧបករណ៍បាញ់ស្វ័យប្រវត្តិលើតុ និងឧបករណ៍បាញ់ស្វ័យប្រវត្តិព្យួរជញ្ចាំង ដើម្បីប្រើប្រាស់តាមការចាំបាច់ក្នុងការចូលរួមបង្ការទប់ស្កាត់នៃជំងឺ និងមេរោគផ្សេងៗ ពិសេសនៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩នេះ។
សូមបញ្ចាក់ថា ទឹកសម្លាប់មេរោគម៉ាក អ៉ីប៊ីយូឌីស (Ebiodis) ត្រូវបានផលិតឡើងដោយក្រុមអ្នកជំនាញកម្ពុជារុស្ស៉ី ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសរុស្ស៉ី ប្រើប្រាស់វត្ថុធាតុដើមធម្មជាតិក្នុងស្រុក ជាផលិតផលធម្មជាតិ (organic) ងាយស្រួលប្រើ មានក្លិនធម្មជាតិ គ្មានសារធាតុអាល់កុល មិនប៉ះពាល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ និងអាចសម្លាប់មេរោគបានរហូតដល់ ៩៩.៩៩% ក្នុងរយៈពេលពី ២០-៣០ វិនាទី ដោយអាចប្រើប្រាស់សម្លាប់មេរោគ និងបំបាត់ក្លិនដោយបាញ់លើដៃ ម៉ាស់ ដៃ ជើង ស្បែកជើង សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់របស់ក្មេងលេងនៅក្នុងផ្ទះ តាមរោងកុន កន្លែងហាត់ប្រាណ ភោជនីយដ្ឋាន សណ្ឋាគារ និងសម្ភារៈនៅតាមទីតាំងផ្សេងៗទៀត ក្នុងនោះរួមទាំងកសិដ្ឋានចិញ្ចឹមសត្វផងដែរ។
Ebiodis បានឆ្លងកាត់តេស្តប្រសិទ្ធភាពនៅមន្ទីរពិសោធន៍ជាតិសុខាភិបាលកម្ពុជា និងមន្ទីរពិសោធន៍ Central Laboratory នៅទីក្រុងបាងកក ប្រទេសថៃ ដោយប្រើប្រាស់វិធីសាស្រ្តបណ្តុះបាក់តេរី និងសម្លាប់បាក់តេរីដោយ Ebiodis (Microbiological Tests និង Micro Bacteria Culture)។
បច្ចុប្បន្ននេះ ផលិតផល Ebiodis ត្រូវបានប្រើប្រាស់នៅបណ្តាធនាគារ សាលារៀន គ្លីនិក ក្រុមហ៊ុនឯកជន គេហដ្ឋាន ផ្សារ កសិដ្ឋាន និងកន្លែងផ្សេងៗជាច្រើនទៀត។ ម្យ៉ាងទៀត Ebiodis មាននៅផ្សារទំនើបបាយ័ន (Bayon Supermarket) គ្រប់សាខាផ្សារ Baby Care គ្រប់សាខាផ្សារទំនើបជាច្រើនទៀត និងនៅតាមបណ្តាខេត្តផងដែរ៕