(ភ្នំពេញ)៖ រហូតមកដល់ពេលនេះ កម្លាំងបោសសម្អាតគ្រាប់យុទ្ធភណ្ឌក្រោមទឹក និងកាកសំណល់សង្គ្រាមរបស់កម្ពុជា បានបើកប្រតិបត្តិការស្រង់គ្រាប់បានចំនួន៥តោនហើយ ក្នុងចំណោមគ្រាប់យុទ្ធភណ្ឌដ៏ច្រើន ដែលលិចជាមួយនាវាចំណាស់ នៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីសម័យសង្គ្រាម។ នេះជាបញ្ជាក់របស់ មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC)។
ឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) បញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ យ៉ាងដូច្នេះថា៖ «ឥឡូវយើងកំពុងតែសម្រុកកាន់តែខ្លាំងឡើងហើយ ព្រោះអីចូលទៅក្នុងទីតាំងនាវាហើយ ឥឡូវនេះសរុបទៅចូលជាង ៥តោនហើយ...! គ្រាប់កប់ក្នុងនាវាម៉ារិននេះច្រើនណាស់»។
បើតាមលោកមេបញ្ជាការរូប នេះ, គ្រាប់យុទ្ធភណ្ឌដែលកម្លាំងជំនាញប្រមូលបានជាង ៥តោននេះ រួមមាន៖ គ្រាប់ត្បាល់ ៨១មីលីម៉ែត្រ, គ្រាប់ត្បាល់ ៦០មីលីម៉ែត្រ និងគ្រាប់កាំភ្លើងយន្ត ១២,៧មីលីម៉ែត្រ ហើយសរុបជាង ៣០០កេសធំ។
ឧត្តមសេនីយ៍ទោ ម៉ី សុភា បានបន្ថែមថា «បើតាមគ្រោងការណ៍នឹងបញ្ចប់នៅខែឧសភា ឱ្យទាន់មុនខែវស្សា ប៉ុន្តែចំណុចនេះគឺជាផែនការរបស់ក្រុមជំនាញនោះទេ ដោយឡែកសម្រាប់ស្ថានភាពជាក់ស្តែងក្រុមការងារជំនាញពិបាកសន្និដ្ឋាន ព្រោះទំហំនាវាមានទំហំធំ ហើយយើងមិនទាន់ប៉ាន់ប្រមាណទម្ងន់គ្រាប់សរុបនៅក្នុងនាវានោះទេ […] យើងនឹងចាប់ផ្តើមសម្រុកយកនៅក្នុងសប្តាហ៍នេះ គឺនៅក្នុងក្លូបទី១ សម្រាប់នាវាម៉ារីននេះ មានចំនួន៤ក្លូប»។
មេបញ្ជាការរូបនេះ បានគូសបញ្ជាក់ថា សម្រាប់គ្រាប់យុទ្ធនៅក្នុងក្លូបទី១ ខាងលើអាចមានគ្រាប់យុទ្ធភណ្ឌចាប់ពី ១០តោន ទៅ ២០តោនឯណោះ ដូច្នេះគ្រាប់យុទ្ធភណ្ឌទាំងនេះ គឺមានចំនួនច្រើនណាស់។ ប៉ុន្តែ បើទោះបីជាចំនួនគ្រាន់ច្រើនយ៉ាងណាក៏ដោយក្នុងនាមលោកជាមេបញ្ជា នឹងខិតខំប្រឹងសម្រេចកិច្ចការងារនេះ ឱ្យរួចរាល់តាមគោលការណ៍ ដូច្នេះដើម្បីជំរុញកិច្ចប្រតិបត្តិការប្រកបដោយភាពស្មុគ្រស្មាញ និងប្រឈមមុខចំពោះការគ្រោះថ្នាក់នេះ កិច្ចការប្រតិបត្តិរុករក និងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅក្រោមទឹកនេះ ត្រូវបានបែងចែកយ៉ាងយកចិត្តទុកដាក់បំផុតទៅតាមអនុសាសន៍របស់ថ្នាក់ដឹកនាំ។
នាវាមួយគ្រឿង ដែលផ្ទុកដោយយុទ្ធភណ្ឌរាប់រយតោន ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បានចូលរួមជាមួយក្រុមស៊ីមាក់ ប្រទះឃើញកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីមុជទឹកពិនិត្យទីតាំងបូមខ្សាច់ ដែលបូមបានគ្រាប់ចំនួន០៣ ប្រភេទ មានដូចជាគ្រាប់ AK57 ចំនួន៣គីឡូ, គ្រាប់៦០មីលីម៉ែត្រចំនួន ១៦គ្រាប់ និងគ្រាប់៨០មីលីម៉ែត្រ ចំនួន១គ្រាប់ នៅចំណុចបូមខ្សាច់ ក្នុងទន្លេមេគង្គ ក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ។ ដេីម្បីដោះស្រាយករណីនេះ រាជរដ្ឋាភិបាល បានបង្កេីតក្រុមការងារអន្តរក្រសួងមួយ ដឹកនាំដោយ នាយឧត្តមសេនីយ៍ នាង ផាត ដេីម្បីពិនិត្យ និងដោះស្រាយបញ្ហានេះ។
ពាក់ព័ន្ធនឹងការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ តែងដឹកនាំកម្លាំងជំនាញចុះត្រួតពិនិត្យដល់ទីតាំងដោយផ្ទាល់ និងបានលើកទឹកចិត្តដល់ក្រុមការងារជំនាញបន្តកិច្ចខិតខំប្រឹងលើការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមផ្ទៃទឹកនេះ ឱ្យកាន់តែឆាប់រហ័សទៅតាមផែនការដែលបានកំណត់។
បើយោងតាមតាមរបាយការណ៍របស់ក្រុមការងារ បានឱ្យដឹងថា ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមផ្ទៃទឹកជុំវិញទីតាំងនាវាលិចនេះ មានទំហំ១,០០០ម៉ែត្រ គុណ ១,៥០០ម៉ែត្រ នៅតាមបណ្តោយទន្លេ ប្រមាណ១៥០ហិកតា៕