(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត ដឹកនាំកិច្ចប្រជុំលើកទី៤ ថ្នាក់ដឹកនាំសមាគមដែលមានចំនួន១៣ រូបក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២០ និងពិភាក្សាអំពីទិសដៅការងារឆ្នាំ២០២១ ដើម្បីសម្រេចឱ្យបានបេសកកម្មរបស់សមាគមជាតិ គឺជាតំណាង និងស្វែងរកការគាំទ្រផលប្រយោជន៍ស្របរបស់ក្រុមប្រឹក្សារាជធានី និងក្រុមប្រឹក្សាខេត្តនៅទូទាំងប្រទេស។

ថ្នាក់ដឹកនាំសមាគមជាតិអាណត្តិទី២ មានចំនួន១៣រូប (គណបក្សប្រជាជនកម្ពុជា ១១រូប គណបក្សហ៊្វុនស៊ិនប៉ិច ១រូប និងគណបក្សខ្មែររួបរួមជាតិ ១រូប)។

កិច្ចប្រជុំប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម៖

*ទី១៖ ពិភាក្សាអំពីការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាជាតិ ដើម្បីបូកសរុបសមិទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១
*ទី២៖ ពិភាក្សាអំពីសកម្មភាពមិនបានអនុវត្តក្នុងឆ្នាំ២០២០ ដែលត្រូវដាក់បញ្ចូលក្នុងទិសដៅការងារឆ្នាំ២០២១ រួមមាន៖

*ក៖ ការបណ្តុះបណ្តាលគណៈកម្មការអភិវឌ្ឍន៍សមត្ថភាព និងគណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារ
*ខ៖ ការបណ្តុះបណ្តាលក្រុមគ្រូឧទ្ទេសដើម្បីបណ្តុះបណ្តាលបន្តដល់សមាជិកក្រុមប្រឹក្សារាជធានី ខេត្តនៅក្នុងកម្រងទាំង ៥នៅទូទាំងប្រទេស
*គ៖ ការបណ្តុះបណ្តាលសមាជិកក្រុមប្រឹក្សារាជធានី ខេត្តនៅទូទាំងប្រទេស ផ្អែកលើប្រធានបទដែលគណៈកម្មការអភិវឌ្ឍន៍សមត្ថភាពបានកំណត់៖ ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត តាមបែបវិមជ្ឈការ, ការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងទំនាក់ទំនងអន្តររដ្ឋបាល និងផ្ទៃក្នុងរដ្ឋបាល
*ឃ៖ ការរៀបចំទស្សនកិច្ចសិក្សាសម្រាប់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត
*ង៖ ការរៀបចំកម្មវិធីអបអរសាទរទិវាសិទ្ធិនារី ៨ មីនា ឆ្នាំ២០២១
*ច៖ ការបណ្តុះបណ្តាល គ.ក.ស.ក ២៥ រាជធានី ខេត្ត អំពី «ការប្រឹក្សាយោបល់ដល់ ជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ»
*ឆ៖ ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពលេខាធិការក្រុមប្រឹក្សារាជធានីខេត្ត។

*ទី៣៖ ពិភាក្សាអំពីការផលិតប័ណ្ណសម្គាល់សមាជិកមូលនិធិមរណសង្រ្គោះរបស់សមាគមជាតិ
*ទី៤៖ ពិនិត្យស្ថានភាពការងាររដ្ឋបាលនិងការងារហិរញ្ញវត្ថុសមាគមជាតិ
*ទី៥៖ បញ្ហាផ្សេងៗ។

សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត អាណត្តិទី៣ (២០១៩-២០២៤) មានចំនួនសរុប ៥៥៩រូប (ស្រ្តី ៩៥រូប) មកពីគណបក្សប្រជាជនកម្ពុជាចំនួន ៥៥០រូប គណបក្សហ៊្វុនស៊ិនប៉ិច ០៣រូប និងគណបក្សខ្មែររួបរួមជាតិ ០៦រូប។

សមាគមជាតិត្រូវបានបង្កើតជា «នីតិបុគ្គល» ធ្វើជាតំណាងឱ្យក្រុមប្រឹក្សារាជធានីខេត្ត ក្នុងគោលបំណងចំនួន៣ ដូចបានកំណត់ក្នុងលក្ខន្តិកៈ៖

*ទី១៖ លើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សារាជធានីខេត្ត
*ទី២៖ ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក
*ទី៣៖ កសាងភាពជាដៃគូជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋានពង្រឹងនីតិរដ្ឋ និងជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕