(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងពី ស្ថានភាពនៃវិស័យធនាគារនៅកម្ពុជា ដែលប្រកបដោយភាពរឹងមាំ ទោះបីស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ក្ដី។
ការលើកឡើងរបស់ លោក ជា ចាន់តូ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធី «សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១» របស់ធនាគារជាតិនៃកម្ពុជា និងរៀបចំឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
លោក ជា ចាន់តូ បានឲ្យដឹងថា «ទោះស្ថិតក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ១៩ វិស័យធនាគារមានស្ថិរភាពរឹងមាំ និងបានចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់នៃ វិបត្តិមកលើអាជីវកម្ម និងប្រជាជនក្រីក្រ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល»។
លោកបានបន្ដថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០ បានទទួលរងការធ្លាក់ចុះអវិជ្ជមានជាលើកដំបូង ក្នុងរយ:ពេលជាង២ទសវត្សរ៍ចុងក្រោយ ដែលជាចម្បងដោយសារ ការធ្លាក់ចុះវិស័យទេសចរណ៍ ការនាំចេញផលិតផលកាត់ដេរ និងវិស័យសំណង់។
លោកបានបន្ថែមថា «ទោះយ៉ាងណាកម្ពុជានៅតែអាចសម្រេចបាន នូវស្ថិរភាពថ្លៃ និងអត្រាប្តូរប្រាក់ ហើយទុនបម្រុងអន្តរជាតិ ត្រូវបានគរពូនជាលំដាប់ និងមានកម្រិតខ្ពស់ជាង៣ដង នៃកម្រិតដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន»។
ក្នុងនោះទំនើបកម្មប្រព័ន្ធទូទាត់ និងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មី ក៏នឹងរួមចំណែកគាំទ្ររាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឱ្យទៅជា សេដ្ឋកិច្ចឌីជីថលផងដែ។
លោកបានបញ្ជាក់ថា ក្នុងចំណោមប្រព័ន្ធទូទាត់ដែលកម្ពុជា បានដាក់ឱ្យប្រើប្រាស់កន្លងមក ប្រព័ន្ធបាគងដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (Blockchain) ត្រូវបានអន្តរជាតិទទួលស្គាល់ថា ជាប្រព័ន្ធទូទាត់មួយដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ លើពិភពលោក និងកំពុងក្លាយជា ប្រព័ន្ធទូទាត់កន្លោងមួយ ដែលសម្រួលដល់ការផ្ទេរប្រាក់ និងទូទាត់សងប្រាក់ភ្លាមៗ រវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ៕