(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកប្រាក់រំលីកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ សម្រាប់រោងចក្រ សហគ្រាសផ្នែកកម្មន្តសាល។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិត ផ្នែកកម្មន្តសាលទាំងអស់ ដែលប្រើប្រាស់កិច្ចសន្យាការងារមានថិរវេលាមិនកំណត់ (UDC) ឱ្យជ្រាបថា ការបើកប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ត្រូវចាប់ផ្តើមអនុវត្តឡើងវិញ ក្នុងឆ្នាំ២០២១ ដូចខាងក្រោម៖
១៖ ការបើកប្រាក់រំាលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩
* ប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ (ប្រសិនបើមាន) ដែលត្រូវបើកក្នុងឆ្នាំ២០២០ ត្រូវទូទាត់នៅក្នុងត្រីមាសទី១ និងនៅក្នុងត្រីមាសទី៣។
* ប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ (ប្រសិនបើមាន) ដែលត្រូវបើកក្នុងឆ្នាំ២០២១ ត្រូវទូទាត់នៅក្នុងត្រីមាសទី២ និងនៅក្នុងត្រីមាសទី៤។
២៖ ការបើកប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ
* ប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ២០២០ ត្រូវទូទាត់នៅក្នុងត្រីមាសទី១ និងនៅក្នុងត្រីមាសទី៣។
* ប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ២០២១ ត្រូវទូទាត់នៅក្នុងត្រីមាសទី២ និងនៅក្នុងត្រីមាសទី៤។
៣៖ កម្មករនិយោជិត និងនិយោជក ក៏អាចចរចាកំណត់នីតិវិធី និងកាលបរិច្ឆេទជាក់លាក់នៃការទូទាត់ប្រាក់បំណាច់អតីតភាពការងារខាងលើ ស្របតាមស្ថានភាពរោងចក្រ សហគ្រាស និងអាជីវកម្មរបស់ខ្លួន។
ទន្ទឹមនឹងនេះ ក្រសួងបានធ្វើការអំពាវនាវដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស កម្មករនិយោជិតផ្នែកកម្មន្តសាល និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតម្កល់ផលប្រយោជន៍រួមជាធំ ដោយត្រូវពិភាក្សាគ្នារកដំណោះស្រាយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាបាននូវនិរន្តរភាពការងារ និងភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ៕