(កំពង់ធំ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន CMVIC បានរៀបចំដំណើរការម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តអចល័តនៅក្នុងខេត្តកំពង់ធំហើយដើម្បីត្រួតពិនិត្យបច្ចេកទេសរថយន្ត(ឆៀក)។
លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានឲ្យដឹងថា ទីតាំងសម្រាប់ការឆៀករថយន្តនេះ ស្ថិតនៅភូមិពុកយ៉ុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានចម្ងាយប្រមាណជាង៣គីឡូម៉ែត្រពីទីរួមខេត្តឆ្ពោះទៅកាន់រាជធានីភ្នំពេញ ហើយបានដាក់ឲ្យដំណើរការសាកល្បងកាលពីថ្ងៃទី១៨ ខែមករា ២០២១ កន្លងទៅនេះ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ខាងលើបានថ្លែងបន្តថា ការត្រួតពិនិត្យយានយន្តនេះ គឺជាការសម្រួលដល់ប្រជាពលរដ្ឋលើការត្រួតពិនិត្យដែលកាលពីមុន ម្ចាស់យានយន្តត្រួវទៅធ្វើការត្រួតពិនិត្យនៅឯខេត្តសៀមរាប ខេត្តកំពង់ចាម ឬរាជធានីភ្នំពេញ។ ពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រើប្រាស់ម៉ាស៊ីនអចល័តនៅក្នុងខេត្តធ្វើការត្រួតពិនិត្យផ្ទាល់ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។
លោកប្រធានមន្ទីរ បានអំពាវនាវដល់ប្រជាពលរដ្ឋសុំឲ្យមានការយោគយល់ចំពោះការខ្វះខាត និងចំណុចអវិជ្ជមាននៅពេលដែលធ្វើការត្រួតពិនិត្យ ជាពិសេសសូមឱ្យរៀបចំឱ្យមានរបៀបរៀបរយ ព្រោះថារថយន្តច្រើនធ្វើឱ្យមានការកកស្ទះ។
លោកបានបន្តថាចំពោះម្ចាស់យានយន្តចាស់ត្រូវយកមកជាប់ជាមួយនូវវិញ្ញាបនប័ត្រ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចាស់ និងចម្លងប័ណ្ណសំគាល់យានយន្ត (កាតគ្រី) មួយសន្លឹក និងចំពោះយានយន្តថ្មី ត្រូវចម្លងសន្លឹកពន្ធនាំចូលមួយសន្លឹក និងចម្លងអត្តសញ្ញាណប័ណ្ណចំនួនមួយសន្លឹក។
ប្រជាពលរដ្ឋបានលើកឡើងអំពីការសប្បាយចិត្តដោយពួកគាត់មិនពិបាកធ្វើដំណើរទៅទីឆ្ងាយក្នុងការធ្វើឆៀករថយន្ត ពួកគាត់បានឃើញអំពីសមិទ្ធផលក៏ដូចជាទីកន្លែងដែលបានបង្កើតថ្មី ព្រោះថាកន្លែងនេះមានរោងសម្រាប់ជ្រកម្លប់ មានកន្លែងសម្រាប់អង្គុយរង់ចាំ មានបន្ទប់ទឹក ក៏ដូចជាងាយស្រួល ជាពិសេសនោះគឺបុគ្គលិកមានអាកប្បកិរិយាទន់ភ្លន់និងមានក្រមសីលធម៌ក្នុងការបង្កភាពងាយស្រួលជួយដល់បងប្អូនប្រជាពលរដ្ឋ ។
គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកលេខ៣៩ បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការយល់ដឹង ជាពិសេសបានយករថយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងបានចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរ៕