(ភ្នំពេញ)៖ លិខិតសរសើរអំពីស្នាដៃឆ្នើមលើវិស័យអន្តរជាតិរបស់ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ត្រូវបានប្រគល់ជូន លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដោយលោក MIKAMl MASAHlRO ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
ពិធីប្រគល់នេះមានការចូលរួមពីសំណាក់ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអាជ្ញាធរមីន, លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងពិធីប្រគល់លិខិតសរសើរ លោក MIKAMl MASAHlRO បានឱ្យដឹងថា លោកបណ្ឌិត ម៉ី កល្យាណ កើតនៅខេត្តពោធិ៍សាត់។ ក្នុងឆ្នាំ១៩៧៤ លោកទទួលបានអាហាររូបករណ៍របស់រដ្ឋាភិបាលជប៉ុន និងចាប់ផ្ដើមការសិក្សារបស់ លោកនៅសាកលវិទ្យាល័យ KOBE។
ឯកអគ្គរាជទូតជប៉ុន បានបន្តថា លោកបណ្ឌិតបានបន្តសិក្សាក្នុងប្រទេសជប៉ុន បានមួយឆ្នាំប៉ុណ្ណោះ ក្រោយមកកម្ពុជាបានធ្លាក់ចូលក្រោមការគ្រប់គ្រងនៃរបបខ្មែរក្រហម ដែលធ្វើឱ្យលោកមិនអាចត្រឡប់ទៅ ស្រុកកំណើតវិញបាន។ ដោយសារតែគ្មានព័ត៌មានពីក្រុមគ្រួសារក្នុងរបបខ្មែរក្រហម លោកគ្មានជម្រើសអ្វីផ្សេង ក្រៅតែពីបន្តរស់នៅក្នុងប្រទេសជប៉ុន និង បានចូលបម្រើការឱ្យក្រុមហ៊ុន Kanematsu Gosho រហូតដល់ឆ្នាំ១៩៨៨។
បន្ថែមពីនេះ នៅក្នុងឆ្នាំដដែល លោកបានក្លាយជាអ្នកសេដ្ឋកិច្ចម្នាក់ ប្រចាំអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ហើយក្រោយមកទៀត ទើបលោកបណ្ឌិត ម៉ី កល្យាណ ត្រឡប់មកកាន់កម្ពុជាវិញ នៅឆ្នាំ១៩៩៣ ជាលើកដំបូងក្នុងរយៈពេល១៩ឆ្នាំ នៅឯបរទេស។
ក្នុងនាមជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោកបានកោតសរសើរ ចំពោះការចូលរួមចំណែករបស់លោកបណ្ឌិត ក្នុងការរឹតចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា ព្រមទាំងឮជូនពរលោកបណ្ឌិត ម៉ី កល្យាណ មានសុខភាពល្អ និងបន្តប្រើប្រាស់ចំណេះដឹង ព្រមទាំងបទពិសោធន៍របស់លោក ដើម្បីចូលរួមចំណែកអភិវឌ្ឍ និងភាពរុងរឿងរបស់កម្ពុជា។
លិខិតសរសើររបស់ រដ្ឋមន្រ្តីការបរទេសជប៉ុន ជូនចំពោះបុគ្គល ដែលមានស្នាដៃឆ្នើមលើវិស័យអន្តរជាតិ គឺដើម្បីជាការទទួលស្គាល់នូវ ការរួមចំណែករបស់ពួកគាត់ លើការជំរុញចំណងមិត្តភាព រវាងប្រទេសជប៉ុន និងបណ្តាប្រទេសនានា។ លិខិតនេះធ្វើឡើងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០៕