(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានលើកបញ្ជាក់ថា គម្រោងកែលម្អ និងពង្រីកសួនច្បារថ្មីក្នុងក្រុងកំពត ដែលលាតសន្ធឹងពីខាងត្បូងគល់ស្ពានថ្មីរហូតដល់ គល់ស្ពានឥន្ទធនូចាស់នេះ មានសារៈសំខាន់ក្នុងការបម្រើដល់ផលប្រយោជន៍សាធារណៈ ក៏ដូចជាការទាក់ទាញសាធារណៈជនទូទៅ។
លោក ជាវ តាយ បានបញ្ជាក់យ៉ាងដូចនេះនារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំនៅសាលាខេត្តកំពត ដើម្បីដាក់ឆ្លងគម្រោងកែលំអ និងពង្រីកសួនច្បារថ្មី តាមមាត់ព្រែកកំពង់បាយកំពត ដែលកិច្ចប្រជុំនេះមានចូលរួមពីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុងកំពត និងស្រុកទឹកឈូជាច្រើនរូបផងដែរ។
លោក ជាវ តាយ ក៏បានស្នើឱ្យមន្ត្រីពាក់ព័ន្ធ រួមមានអាជ្ញាធរ និងជំនាញពាក់ព័ន្ធត្រូវសហការគ្នាសិក្សា និងវាយតម្លៃឲ្យបានជាក់លាក់លើគម្រោងកែលំអរ និងពង្រីក សួនច្បារថ្មីតាមមាត់ព្រែកកំពង់បាយកំពតនេះឲ្យបានឆាប់ ព្រមទាំងសិក្សាធ្វើយ៉ាងណាកាត់បន្ថយបាននូវផលប៉ះពាល់តិចតួចបំផុត និងដាក់នូវផ្ទាំងប៉ាន់ណូបង្ហាញការ ផ្សព្វផ្សាយពីគម្រោងរួមនឹងការបន្តនីតិវិធីដាក់សំណើទៅរាជរដ្ឋាភិបាល ដើម្បីបានដំណើរការអភិវឌ្ឍន៍សួនច្បារនេះ ឱ្យបានឆាប់រហ័ស និងលិចកើតឡើង ជាសមិទ្ធផលថ្មីមួយបន្ថែមទៀតសម្រាប់ខេត្តកំពត។
លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពត បានឱ្យដឹងដែរថា គម្រោងកែលម្អ និងពង្រីកសួនច្បារថ្មីមួយកន្លែងនេះគឺស្ថិតនៅតាម ដងព្រែកកំពង់បាយ ក្នុងសង្កាត់កំពង់បាយ ក្រុងកំពត។ គម្រោងនេះមានប្រវែង៦៣៣ម៉ែត្រ ទទឹមសួនមានប្រមាណ៣៤ម៉ែត្រ លាតសន្ធឹងពីខាងត្បូងគល់ស្ពានថ្មី រហូតដល់ គល់ស្ពានឥន្ទធនូចាស់ ចែកចេញ៣តំបន់ ជាកំណត់សំគាល់ ក្នុងនោះរួមមាន៖ រូបសំណាងតំណាងសួនច្បារខេត្តកំពត (បង្ហាញរូបភាពជាលក្ខណៈប្រវត្តិសាស្រ្ត) ,ស្ពានដើរឆ្លងចូលទៅក្នុងព្រែកទីកន្លែងសម្រាប់ថតអនុស្សាវរីយ៍, សួនកុមារ និងកន្លែងហាត់ប្រាណ, ចំណតរថយន្តនិងម៉ូតូ, ផ្លូវសម្រាប់ដើរ និងរត់ហាត់ប្រាណ, ផ្លូវសម្រាប់ជិះកង់ និងមានសួនច្បារដាក់បង់សម្រាប់អង្គុយលេង រួមនឹងការដាំដើមឈើលម្អសោភ័ណភាពផងដែរ។
សូមបញ្ជាក់ថា ការបង្កើតសួនច្បារថ្មីប្រកបដោយសោភ័ណភាពមួយនេះឡើង សំដៅទាក់ទាញភ្ញៀវទេសចរឱ្យមកកំសាន្ដលេង កាន់តែច្រើនឡើងថែមទៀត ខណ:ខេត្ត កំពត គឺជាខេត្តគោលដៅទេសចរណ៍មួយក្នុងចំណោមខេត្តជាប់តំបន់មាត់សមុទ្រ ប៉ុន្តែបើទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះ មានភ្ញៀវទេសចរមកកំសាន្តកាន់តែកើនឡើង ជាបន្តបន្ទាប់ ក៏រដ្ឋបាលខេត្តកំពតនៅតែបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការអភិវឌ្ឍន៍ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្រុងកំពត ពិសេសតាមដងផ្លូវ និងសួនច្បារសាធារណៈធ្វើយ៉ាងណាឲ្យក្រុងកំពតមានភាពទាក់ទាញ និងរក្សាបានតំណែងជាទីក្រុងទេសចរណ៍ស្អាតអាស៊ានបន្តទៀត៕