(ភ្នំពេញ)៖ ដូចអ្វីដែលធ្លាប់បានជូនដំណឹង សាលារាជធានីភ្នំពេញ ចាប់ផ្ដើមការស្តារ បុកជញ្ជាំងបេតុង (Sheet-Ple) បឹងទំពន់តូច ប្រឡាយ និងជួសជុលកែលម្អស្ថានីយបូមទឹក បឹងទំពន់ ស្ថិតនៅសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។ នេះបើតាមមន្ដ្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។
រដ្ឋបាលរាជធានីភ្នំពេញ ក្នុងសេចក្ដីជូនដំណឹងកន្លងទៅ បានបញ្ជាក់ថា ដោយពិនិត្យឃើញស្ថានីយបូមទឹកបឹងទំពន់ មានសភាពចាស់ទ្រុឌទ្រោម ហើយផ្ទៃអាងស្តុកទឹកបឹងទំពន់តូច និងប្រឡាយគោករាក់យ៉ាងខ្លាំង ដោយសារការចាក់ដីរំលោភកាន់កាប់។
រដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល ក្នុងការធ្វើឲ្យប្រសើរឡើងនូវសមត្ថភាព នៃម៉ាស៊ីនបូមទឹក បុកជញ្ជាំងបេតុង (Sheet-Pile) ស្កាវជម្រៅអាងស្តុកទឹក និងប្រឡាយដើម្បីកាត់បន្ថយជាអតិបរមានូវការលិចលង់តំបន់ខ្លះ នៃខណ្ឌទួលគោក សែនសុខ បឹងកេងកង មានជ័យ។ មុនពេលមានជំនន់ទឹកភ្លៀង ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញបានចុះអនុវត្តការងារនេះ ប៉ុន្តែមានការរារាំងពីអ្នករំលោភកាន់កាប់ ដោយខ្លះមានបំណងប្រើអំពើហិង្សាមកលើក្រុមការងារ ធ្វើឲ្យអាក់ខានពុំអាចអនុវត្តបានឡើយ។
នាពេលកន្លងទៅ នៅពេលដែលរាជធានីភ្នំពេញទទួលរងនូវជំនន់ទឹកភ្លៀងខ្លាំងនោះ ប្រសិនបើរដ្ឋបាលរាជធានីភ្នំពេញ ចាត់វិធានការមិនទាន់ពេលវេលា ក្នុងការយកឡានបូមទឹកខ្នាតធំទៅជួយបូមសង្គ្រោះ ព្រមទាំងយកបាវខ្សាច់ទៅទប់ទឹក កុំឲ្យលិចស្ថានីយបូមទឹកបឹងទំពន់ទេនោះ ម្ល៉េះទូរបញ្ចអគ្គិសនីស្ថានីយបូមទឹកនេះ ត្រូវលិចលង់ បង្កឲ្យផ្ទុះឆេះលែងដំណើរការកើត នាំឲ្យតំបន់មួយចំនួន នៃរាជធានីភ្នំពេញ ត្រូវលិចលង់ត្រាំត្រែងជាច្រើនខែទៀតផង ទម្រាំរដ្ឋបាលរាជធានីភ្នំពេញ រកម៉ាស៊ីនបូមទឹកថ្មី និងជួសជុលម៉ូទ័របូមទឹកនៃស្ថានីយបូមទឹកបឹងទំពន់នេះ ដើម្បីបូមទឹក
បញ្ចេញទៅបឹងជើងឯក ឲ្យបានរួចរាល់ឡើងវិញ។
ដើម្បីដោះស្រាយបញ្ហាខាងលើ ប្រកបដោយចក្ខុវិស័យយូរអង្វែង សំដៅធានាបាននូវប្រសិទ្ធភាព នៃប្រព័ន្ធរំដោះទឹក កាត់បន្ថយការលិចលង់នោះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចដំណើរការកែលម្អហេដ្ឋារចនាសម្ព័ន្ធដូចបានជម្រាប
ជូនខាងលើនេះ។
ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលអនុវត្តគម្រោងកែលម្អខាងលើឡើងវិញ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយមិនលើកលែងចំពោះអ្នករារាំង ឬតវ៉ាទាំងឡាយ៕