(ភ្នំពេញ)៖ លោក ស៊ុន សុភ័ក្រ អតីតថ្នាក់ដឹកនាំមួយរូបរបស់អតីតគណបក្សសង្រ្គោះជាតិ ដែលទើបទទួលបាននីតិសម្បទានយោបាយឡើងវិញនោះ បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាហើយ។ នេះបើតាមសេចក្តីសម្រេចរបស់ គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ របស់គណបក្សប្រជាជនកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
តាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយ លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ បានបង្ហាញថា លោក ស៊ុន សុភ័ក្រ ជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានរាជធានីភ្នំពេញ។
លោក ស៊ុន សុភ័ក្រ អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំនោះ ត្រូវបាន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យផ្ដល់នីតិសម្បទាធ្វើនយោបាយជូនលោកឡើងវិញ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០កន្លងទៅ។ ព្រះរាជក្រឹត្យនេះ បានធ្វើឡើងបន្ទាប់ពីមាន ការក្រាបបង្គំទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
អតីតគណបក្សសង្រ្គោះជាតិសរុប១១៨នាក់ ត្រូវបានតុលាការកំពូលចេញសាលដីកា សម្រេចផ្អាកមិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលជាប់ពាក់ព័ន្ធនឹងអំពើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ទោះជាយ៉ាងនេះក្តី រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន១៤រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ដោយក្នុងនោះមានមួយចំនួនបានចេញបង្កើតគណបក្សនយោបាយដោយខ្លួនឯង មួយចំនួនទៀតរក្សាភាពស្ងៀមស្ងាត់ និងមួយចំនួនទៀតចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
រហូតដល់ពេលនេះ យ៉ាងហោចណាស់មានគណបក្សថ្មីចំនួន៣ ត្រូវបានបង្កើតឡើង ឬដឹកនាំដោយអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ៕