(ស្វាយរៀង)៖ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់រោទិ៍ ត្រូវបង្កើតវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាជូនពួកគាត់ឱ្យមានប្រសិទ្ធភាព និងតម្លាភាព។

ការជំរុញលើកទឹកចិត្តបែបនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកំពង់រោទិ៍ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ប្រចាំឆ្នាំ២០២០ និងលើកទិសដៅសម្រាប់អនុវត្តបន្តសម្រាប់ឆ្នាំ២០២១ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

លោក ជា បូរ៉ា បានលើកឡើងថា បញ្ហាមួយចំនួនមិនអាចដោះស្រាយបានក្នុងរយៈពេលខ្លី ដែលទាមទារឱ្យក្រុមការងារបន្តលើកឡើងទៅផ្នែកពាក់ព័ន្ធផ្សេងទៀត ហើយមានសំណូមពរខ្លះដែលមានទំហំធំពេកតម្រូវឱ្យមានថវិកាច្រើន និងបញ្ហាមួយចំនួនដែលពាក់ព័ន្ធនឹងច្បាប់ ទើបធ្វើឱ្យក្រុមការងារពុំទាន់មានលទ្ធភាពដោះស្រាយបាននៅឡើយ។
ទោះជាយ៉ាងនេះក្តី ក្រុមការងារនៅតែបន្តព្យាយាមដោះស្រាយឱ្យអស់លទ្ធភាពក្នុងឆ្នាំ២០២១នេះ ដោយពាំនាំទៅថ្នាក់ខេត្តបន្តទៀត និងបន្តអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលក្នុងការចុះមូលដ្ឋានជាប់ជាប្រចាំ ក៏ដូចជាការរៀបចំវេទិកាសាធារណៈឱ្យបានទៀងទាត់។

ដើម្បីចូលរួមអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ និងបន្តការងារអនុវត្តនូវអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ នៃរដ្ឋសភា លោក ជា បូរ៉ា បានជំរុញឱ្យក្រុមការងារប្រឹងប្រែងរួមគ្នាបំពេញកិច្ចការសំខាន់ៗសម្រាប់ឆ្នាំ២០២១នេះ ដូចខាងក្រោម៖

* ក្រុមការងារនីមួយៗត្រូវរៀបចំផែនការសកម្មភាពការងារនៅតាមឃុំរបស់ខ្លួន ពិសេសសយកចិត្តទុកដាក់ដល់រៀបចំវេទិកាសាធារណៈ ផ្អែកតាមស្ថានភាពជាក់ស្តែង និងអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។ ក្រោយពីបានរៀបចំវេទិកាសាធារណៈរួចហើយ ត្រូវធ្វើរបាយការណ៍មកក្រុមលេខាធិការដ្ឋានរៀងរាល់សប្តាហ៍ទី៤ នៃខែនីមួយៗ ដើម្បីក្រុមការងារស្រុកធ្វើរបាយការណ៍ជូនប្រធានក្រុមការងារថ្នាក់ខេត្ត។

* ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្នុងឃុំនីមួយៗត្រូវសហការជាមួយអាជ្ញាធរឃុំ ដើម្បីជ្រើសរើសមន្ត្រីដែលមានសមត្ថភាពក្នុងការកត់ត្រាបូកសរុបលទ្ធផលនៃវេទិកាសាធារណៈ ដើម្បីរៀបចំក្រុមលេខាធិការនៃវេទិកាសាធារណៈក្នុងឃុំរបស់ខ្លួន សម្រាប់កត់ត្រារាល់យោបល់របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនៅតាមវេទិកាសាធារណៈនីមួយៗ និងធ្វើរបាយការណ៍បូកសរុបលទ្ធផលនៃការរៀបចំវេទិកាសាធារណៈនៅក្នុងឃុំរៀងៗខ្លួន។

* ក្រុមការងារ និងអាជ្ញាធរឃុំ-ភូមិត្រូវពិភាក្សា និងរៀបចំប្រតិទិននៃការរៀបចំវេទិកាសាធារណៈ ដោយកំណត់ពីពេលវេលាក្នុងការរៀបចំវេទិកាសាធារណៈ ដោយជ្រើសរើសពេលវេលាសមស្រប មិនប៉ះពាល់ដល់ការប្រកបមុខរបររបស់ប្រជាពលរដ្ឋ និងត្រូវកំណត់ទីតាំងនៅឱ្យបានសមរម្យ ងាយស្រួលដល់ការចូលរួមរបស់ប្រជាពលរដ្ឋ។

* ក្រុមការងារថ្នាក់ជាតិ ព្រមទាំងអាជ្ញាធរឃុំ-ភូមិត្រូវបន្តបង្កើនភាពជឿជាក់កក់ក្តៅ និងជិតស្និទ្ធជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមរយៈការចុះជួបផ្ទាល់ការរៀបចំវេទិកាសាធារណៈ និងការធ្វើអំពើល្អរបស់អាជ្ញាធរ មន្រ្តី និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ថ្នាក់។

* ត្រូវពង្រឹងការងារដោយសាមគ្គីភាពភាពឲ្យបានស្អិតល្មួតក្នុងក្រុម ដើម្បីរួមគ្នាដោះស្រាយបញ្ហា និងសំណូមពរដែលប្រជាពលរដ្ឋលើកឡើង ផ្អែកលើច្បាប់ និងតថភាពជាក់ស្តែង។

* ត្រូវបន្តអនុវត្តឲ្យជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយប្រកាន់នូវទិសស្លោក «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។

* ត្រូវផ្សព្វផ្សាយអំពីសមិទ្ធិផល និងស្នាដៃរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ពិសេសថ្នាក់ដឹកនាំកំពូលៗ រួមមាន សម្តេចតេជោនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន ក្នុងវិស័យនយោបាយ ការទូត ទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច សង្គមកិច្ច និងការងារកំណែទម្រង់របស់រាជរដ្ឋាភិបាល ព្រមទាំងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

* យកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ ត្រូវខិតខំចុះផ្ទាល់ដល់គ្រួសារប្រជាពលរដ្ឋ និងខិតខំដោះស្រាយសេវាតម្រូវការ និងសេវាសំណូមពរឱ្យបានល្អ ស្របតាមអភិក្រម «ធ្វើឱ្យបានល្អ ធ្វើឱ្យលឿន និងធ្វើឱ្យមានប្រសិទ្ធភាព»។

* បន្តចុះអប់រំផ្សព្វផ្សាយវិធានការសុវត្ថិភាពរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសយកចិត្តទុកដាក់ចំពោះ ប្រជាពលរដ្ឋចំណាកស្រុក ដោយសាកសួរព័ត៌មានឱ្យបានច្បាស់លាស់ បង្ការជៀសវាងមានការចម្លងក្នុងសហគមន៍៕