(ព្យុងយ៉ាង)៖ មេដឹកនាំកំពូលប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំសមយុទ្ធយោធាត្រៀមធ្វើ សង្គ្រាមដោយក្នុងនោះកងពលតូច និងធំជាច្រើន បានចូលរួមនៅក្នុងលំហាត់បាញ់គ្រាប់ពិត ដើម្បីបំប៉ន សមត្ថភាពទៀតផង។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ដកស្រង់ការផ្សាយរបស់ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ ២០១៦។
ការធ្វើសមយុទ្ធនេះ ត្រូវបានចូលរួមដោយកងរថក្រោះ និងសព្វាវុធធុនធ្ងន់ដទៃទៀតដូចជា កាំភ្លើងធំជាដើម។ កងទ័ពប្រជាជនកូរ៉េ (KPA) របស់កូរ៉េខាងជើង បានទទួលបញ្ជាពីមេដឹកនាំជាន់ខ្ពស់ ឲ្យធ្វើការហ្វឹកហ្វឺន បង្កើន សមត្ថភាព ដើម្បីត្រៀមទប់ទល់នឹងការឈ្លានពានណាមួយ ពីសំណាក់សត្រូវមកលើទីក្រុងព្យុងយ៉ាង។ ការធ្វើសមយុទ្ធ កើតឡើងស្របពេលដែលអាមេរិក កំពុងតែបង្ហាញវត្តមានយន្តហោះ F-22 នៅកូរ៉េខាងត្បូង។
លោក គីម ជុងអ៊ុន បានលើកឡើងក្នុងឱកាសនោះថា «វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការអនុវត្ត និង រៀបចំសមយុទ្ធឡើងយ៉ាងពិតប្រាកដ។» បន្ថែមពីនេះទៀត មេដឹកនាំវ័យជាង ៣០ឆ្នាំរូបនេះក៏បានបញ្ជាដោយ ផ្ទាល់ ឲ្យយោធាជើងអាកាសត្រៀមរៀបចំព្យុហយាត្រាដែនអាកាសដ៏ធំ ដើម្បីអបអរសមាជលើកទី៧ នៃគណបក្ស ពលករកូរ៉េ នៅក្នុងខែឧសភា ខាងមុខនេះ៕