(ភ្នំពេញ)៖ អាជ្ញាធរចម្រុះជាច្រើននាក់ បានការពារការគ្រឿងចក្រ និងក្រុមជាងកម្មករ ដើម្បីចុះអនុវត្តដីការសម្រេចជំនួសរុះរើសំណង់សហកូនបំណុល ដែលបានសង់រំលោភលើដីរបស់អតីតប្រជាពលរដ្ឋចំនួន១៦៣គ្រួសារ ដែលបានលក់ទៅឲ្យក្រុមហ៊ុន។

ការអនុវត្តដីការសម្រេចនេះបានធ្វើឡើងកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅលើទីតាំងដីទំនាស់ ស្ថិតនៅក្នុងភូមិរោងចក្រទី១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញក្រោមការដឹកនាំដឹកនាំ ដោយលោក ស៊ិន សុវណ្ណ ព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ និងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ព្រមទាំងមានការចូលរួមពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យ៉ាងច្រើមកុះករ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ការប្រើកម្លាំងរុះរើសំណង់រោងខ្ទមនេះ ធ្វើឡើងតាមអំណាចដីការជំនួសសម្រេចអនុវត្តជំនួស លេខ ១៦«ត» អ.រ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ។

តាមព័ត៌មានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជាង៦ព្រឹក សមត្ថកិច្ចបានធ្វើការឡោមព័ទ្ធទីតាំងដី ដែលមានទំនាស់រ៉ាំរ៉ៃអស់រយៈពេលប្រមាណ១៥ឆ្នាំមកហើយ ដែលលោក ស្រី ជា សារ៉ុម និងលោកស្រី ទូច គន្ធី មិនព្រមទទួលយកចំណែករបស់ខ្លួន ហើយកៀរគរ និងបានបន្តសាងសង់រំលោភលើដីរួមចំនួន១៦៣គ្រួសារទៀត ដែលបានលក់ទៅឲ្យក្រុមហ៊ុនរួចហើយនោះ។

តាមព័ត៌មានឲ្យដឹងទៀតថា សំណុំរឿងនេះមានម្ចាស់បំណុលឈ្មោះ បាញ់ អ៊ុយតា ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅសង្កាត់លេខ៣ ក្រុងព្រះស៊ីហនុ ដែលជាតំណាងឲ្យក្រុមហ៊ុន អាយ អេសប៊ី យូ (ខេមបូឌា) ឯក និងសហកូនបំណុលដែលរួមមាន៖

*ទី១៖ ឈ្មោះ ជា សារ៉ុម
*ទី២៖ ឈ្មោះ ទូច គន្ធី
*ទី៣៖ ឈ្មោះ ស៊ឹម កូរ៉ា
*ទី៤៖ ឈ្មោះ ព្រុំ យឿន
*ទី៥៖ ឈ្មោះ មើ ពៅ ដែលបានសាងសង់សំណង់រំលោភលើដីរបស់ក្រុមហ៊ុន មួយកន្លែងខាងលើដែលមានទំហំ ៩៩៧៣ម៉ែត្រការ៉េ ដែល មានវិញ្ញាបនប័ត្រសំគាល់អចលវត្ថុលេខ ១២០៨០១០៦ ៣៣៣៨ ដែលបានទិញពីឈ្មោះ ព្រីន សុជាតិ តំណាងឲ្យប្រជាពលរដ្ឋចំនួន ១៦៣គ្រួសារ។

តាមអាជ្ញាធរបានឲ្យដឹងទៀតថា នៅមុនពេលដែលសមត្ថកិច្ច ចុះអនុវត្តដីការសម្រេច អនុវត្តជំនួសនោះ អាជ្ញាសាសា នៃសាលាដំបូងរាជធានីភ្នំពេញបានចេញលិខិតជូនដំណឹង ឲ្យសហកូនបំណុលធ្វើការរុះរើសំណង់ និងការផ្សេងៗ ដែលបានសាងសង់ចេញពីអចលនវត្ថុខាងលើនេះ ចំនួន២លើក តែសហកូនបំណុលមិនរុះរើ ទើបសមត្ថកិច្ចចុះមកអនុវត្ដដីការសម្រេចអនុវត្តជំនួសតែម្តង។

តាមព័ត៌មានឲ្យដឹងទៀតថា នៅព្រឹកនោះនៅពេលដែលគណៈកម្មាការចម្រុះចុះអនុវត្តឈ្មោះ ស៊ឹម កូរា ភេទប្រុស ដែលជាកូនលោកស្រី ជា សារ៉ុម បានធ្វើការរារាំងហើយ ត្រូវបានសមត្ថកិច្ចជម្លៀសយកចេញពីទីតាំងខាងលើតែម្តង។ ការអនុវត្តបានដំណើរដោយរលូន ដោយប្រជាពលរដ្ឋដែលជាតំណាង១៦៣គ្រួសារ ដែលបានឯកភាពលក់ដីឲ្យក្រុមហ៊ុនក៏បាននាំគ្នា ជួយរុះរើសំណង់នោះចេញ ហើយក្រុមជាងក៏បានធ្វើរបងព័ទ្ធដោយរលូន ក្រោមការការពារពីសម្លាំងសមត្ថកិច្ច។

គួរបញ្ជាក់ថា ដីនោះមានទំនាស់រ៉ាំរ៉ៃ រយៈពេលប្រមាណ១៥ឆ្នាំមកហើយ ដោយលោកស្រី ព្រីង សុជាតិ ដំណាងប្រជាពលរដ្ឋចំនួន ១៦៣គ្រួសារ បានប្តឹងផ្តល់គ្នា ហើយឈ្នះក្តីពីលោក គឹម កៅ ជាតំណាងឲ្យក្រុមហ៊ុន គឹម ហាប់ តាមអំណាចសាលដីការតុលាការកំពូល ហើយបានចុះអនុវត្តសាលក្រមតាំងពីឆ្នាំ២០១៨ ប្រគល់ដីនោះឲ្យប្រជាពលរដ្ឋ។ បន្ទាប់ពីទទួលបានដីរួចហើយ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្រ្តីជំនាញក្រសួង រៀបចំដែនដីនគររូបនីយ៍កម្ម និងសំណង់ ក៏បានធ្វើប្លង់រឹងជូនប្រជាពលរដ្ឋ ដោយមានលោកស្រី ព្រីន សុជាតិ ជាតំណាង។

ដោយសារតែដីរួមប្រជាពលរដ្ឋចំនួន១៦៣គ្រួសារ ក៏បានឯកភាពលក់ទៅឲ្យក្រុមហ៊ុនខាងលើនៅសល់តែ២គ្រួសារគឺលោកស្រី ជា សារ៉ុម និងលោកស្រី ទូច គន្ធី ដែលមិនព្រមលក់ទើបអាជ្ញាធររៀបចំកាត់ដីចំណែក ទុកឲ្យគាត់តែលោកស្រី ជា សារ៉ុម មិនសុខចិត្តក៏បន្តធ្វើការតវ៉ា ហើយបានទៅសាងសង់រំលោភលើដី ដែលជាចំណែកប្រជាពលរដ្ឋចំនួន១៦៣គ្រួសារ ដែលបានលក់ឲ្យក្រុមហ៊ុនហើយនោះ។ ទីបំផុតដោយសារតែអំណាចដីការសម្រេចអនុវត្តជំនួស ទើបសមត្ថកិច្ចប្រើកម្លាំងសមត្ថកិច្ចចម្រុះចុះទៅអនុវត្តបានសម្រេច ដោយរលូននៅពេលនេះ៕