(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តបានស្នើដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយច្បាប់ស្តីពីការកាត់ចំណីផ្លូវ ប្រឡាយ ទំនប់ អូរ ព្រែក ស្ទឹងនិងបឹងសាធារណៈ មុនពេលបិទផ្សាយក្បាលដី នៅតំបន់វិនិច្ឆ័យ ដើម្បីបញ្ចៀសការតវ៉ារបស់ប្រជាពលរដ្ឋ។
ការស្នើបែបនេះ ខណ:លោកអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ឆ្លងគណៈកម្មាធិការរៀបចំដែនដី នគររូបនីយកម្ម ដើម្បីពិនិត្យប្លង់សុរិយោដី នៃការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ក្នុងការកំណត់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវទឹក ស្ថិតក្នុងឃុំចំនួនពីរ ក្នុងស្រុកបន្ទាយមាស នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នេះ នៅសាសាលាខេត្ត។
លោកអភិបាលខេត្ត ជាវ តាយ ក៏បានមានប្រសាសន៍បន្តថា ការកំណត់កាត់ចំណី ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវទឹកសំខាន់ខ្លាំងណាស់ សម្រាប់ជាចក្ខុវិស័យ នៃការអភិវឌ្ឍ ស្របទៅនឹងភាពរីកចម្រើនរបស់ប្រទេសជាតិ ក៏ដូចជាមូលដ្ឋានភូមិ ឃុំ។ ពិសេសដើម្បីជៀសវាងការប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ និងអាចឆ្លើយតបសមស្របទៅតាមតម្រូវការប្រជាពលរដ្ឋនៅពេលខាងមុខ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា បើការកំណត់កាត់ចំណីផ្លូវថ្នល់ ផ្លូវទឹកមិនបានផ្សព្វផ្សាយពន្យល់ណែនាំដល់ពលរដ្ឋឲ្យបានដឹងច្បាស់ទេ នៅពេលបិទផ្សាយក្បាលដី ប្រជាពលរដ្ឋប្រាកដជាឆ្ងល់និងតវ៉ាថា បាត់ដីរបស់ខ្លួន ឬថាមន្ត្រីធ្វើការគ្មានសមធម៌ និងតម្លាភាព។ ដូច្នេះដើម្បីឲ្យការងារវាស់វែងសម្រេចជាលទ្ធផល និងឆ្លើយតបទាន់ពេលវេលា មន្ត្រីជំនាញ និងអាជ្ញាធរត្រូវផ្សព្វផ្សាយលក្ខណៈផ្លូវច្បាប់ស្តីអំពីការកំណត់កាត់ចំណីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រឡាយទឹក ទំនប់ទឹក អូរ ព្រែក ស្ទឹង និងបឹងសាធារណៈឲ្យពលរដ្ឋបានដឹងច្បាស់ មុនពេលបិទផ្សាយក្បាលដីជាសាធារណៈ ។
សូមបញ្ជាក់ថាការកំណត់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់វិនិច្ឆ័យ ដែលដាក់ឆ្លងកិច្ចប្រជុំពេលនេះ ស្ថិតនៅក្នុងភូមិចំនួនពីរក្នុងនោះនៅភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ដែលមានប្រព័ន្ធផ្លូវទំហំតូច ធំ ចំនួន២១ ខ្សែ ប្រឡាយទឹកចំនួន៤ខ្សែ និងចំណីព្រែកទំនប់ទឹក និងអូរ មានចំនួន៣កន្លែង។
ដោយឡែក នៅភូមិអង្គម្លី ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស មានផ្លូវតូច ធំ សរុបចំនួន៧ខ្សែ ផ្លូវទំហំ ចាប់ពី ២ម៉ែត្រ ដល់៥ម៉ែត្រចំនួន២០ខ្សែ ប្រឡាយមេ និងប្រឡាយរងមានចំនួន ៧ខ្សែ៕