(ត្បូងឃ្មុំ)៖ ដើម្បីជួយជំរុញបន្ថែម ដល់ប្រជាកសិករដឹងពី របៀបប្រើប្រាស់ និងដាំដុះដំណាំ ព្រមទាំងថែទាំតាមបច្ចេកទេស អ្នកជំនាញផ្នែកកសិកម្ម មកពីក្រុមហ៊ុន អង្គរគ្រីន អ៊ិនវេសមេន អេនឌីវេឡុបមេន លីមីធីត ( AGID) បានចុះផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាកសិករ នៅក្នុងខេត្តត្បូងឃ្មុំ ប្រើប្រាស់កម្មវិធីតាមទូរស័ព្ទ «Angkor Salad App»។
កម្មវិធីតាមទូរស័ព្ទ «Angkor Salad App» ជាកម្មវិធីទំនើប ផ្ដល់ងាយស្រួល ក្នុងការផ្តល់ព័ត៌មានចំណេះដឹង ដល់ប្រជាកសិករ, អាជីវករ, សិស្សនិស្សិត យល់ដឹងអំពីផ្នែកនៃកសិកម្ម ពិសេសលើបច្ចេកទេសដាំដុះបន្លែទំនើប ជាមួយនឹងទិន្នន័យផ្តល់ដោយផ្កាយរណប។
ដើម្បីឲ្យកាន់តែយល់ច្បាស់អ្នកជំនាញផ្នែកកសិកម្ម មកពីក្រុមហ៊ុនអង្គរហ្គ្រីននេះ ក៏បានបណ្ដុះបណ្ដាលដោយផ្ទាល់ ដល់បងប្អូនប្រជាកសិករបានយល់ដឹងលើការដាំដុះ, ការថែទាំ, តាមរយៈគម្រោងទិន្នន័យភូមិសាស្ត្រ សម្រាប់កសិកម្ម និងទឹក។
អ្នកជំនាញរូបនេះឲ្យដឹងថា «កម្មវិធីនេះប្រមូលផ្តុំដោយសេវាកម្ម ព័ត៌មានពាក់ព័ន្ធទៅនឹងកសិកម្ម ដើម្បីចូលរួំកាត់បន្ថយ ការប្រើប្រាស់ធនធានច្រើនហួស ទៅលើការដាំដុះដូចជា ការប្រើប្រាស់ទឹក ជី ជាដើម»។
លោក ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ លើកឡើងថា កម្មវិធីគម្រោងទិន្នន័យភូមិសាស្ត្រ សម្រាប់កសិកម្ម និងទឹក នឹងផ្តល់ផលប្រយោជន៍ ដល់កសិករ អាជីវករលក់ជី និងថ្នាំកសិកម្ម អាជីវករលក់ និងទិញបន្លែ រួមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់។
លោកបានបន្ដថា កម្មវិធីនេះជាបច្ចេកវិទ្យាថ្មីទំនើប សម្រាប់ធ្វើកសិកម្ម លើដំណាំបន្លែ ដោយបានដាក់កម្មវិធីចំនួន៥ដូចជា៖ សេវាកម្មប្រព័ន្ធស្រោចស្រព សេវាកម្មប្រើប្រាស់ជី និងថ្នាំកសិកម្ម សេវាកម្មបច្ចេកទេសថែទាំដំណាំកសិកម្ម សេវាកម្មទីផ្សារ និងការអនុវត្តកសិកម្មល្អសម្រាប់កសិករ និងអ្នកពាក់ព័ន្ធទាំងអស់។
លោក សេង សីសាក់ តំណាងមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ឱ្យដឹងថា កម្មវិធីនេះមានសារៈសំខាន់ ព្រោះជាសាលារៀនផ្តល់ចំណេះដឹងជាច្រើន ដល់កសិករក្នុងការដាំដុះ ព្រមទាំងចំណេះដឹង លើការថែទាំ និងស្វែងរកទីផ្សារផងដែរ។
លោក អ៊ួន ប៊ុណ្ណារិទ្ធ តំណាងកម្មវិធី Angkor salad ឱ្យដឹងថា នេះជាកម្មវិធីទំនើបមួយ សម្រាប់ផ្តល់ព័ត៌មានដូចជា ចំណេះដឹងដល់ប្រជាកសិករ អាជីវករ និងអ្នកពាក់ព័ន្ធមួយចំនួន ព្រោះវាជាបច្ចេកវិទ្យាថ្មី និងជាប្រភពចំណេះដឹង លើបច្ចេកទេសដាំដុះបន្លែដ៏ទំនើបមួយ ជាមួយទិន្នន័យដែលផ្តល់ ដោយផ្កាយរណប៕