(ព្រៃវែង)៖ កងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយអាវុធហត្ថស្រុកព្រះស្តេច បានបង្ក្រាបជនសង្ស័យក្នុងករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀនចំនួន៤នាក់ រួមជាមួយវត្ថុតាងថ្នាំងញៀនចំនួន១៨កញ្ចប់ និងឧបករណ៍ប្រើប្រាស់ និងចែកចាយមួយចំនួនទៀត នៅភូមិក្រសាំងទង ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
លោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តព្រៃវែង បានឲ្យដឹងនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះថា ប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះ ធ្វើឡើងនៅភូមិក្រសាំងទង ឃុំអង្គររាជ្យ ស្រុកព្រះស្តេច កាលពីថ្ងៃទី១៩ ខែមករា ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។
លោក ផាត់ សុជោត បានបន្តទៀតថា មុនពេលឈានដល់ការក្រសោបចាប់ក្រុមជនសង្ស័យទាំង៤នាក់នេះ កម្លាំងរបស់លោកបានប្រើពេលវេលាតាមដានអស់ជាច្រើនថ្ងៃ រហូតកំណត់បានមុខសញ្ញាជនសង្ស័យ ទើបប្រើប្រាស់វិធានញុះញង់ឱ្យជនសង្ស័យចូលអន្ទាក់ ហើយក៏ក្រសោបចាប់ទាំងក្រុមតែម្តង។
ជនសង្ស័យទាំង៤នាក់ដែលត្រូវបានឃាត់ខ្លួន រូមមានទី១៖ ឈ្មោះ អៀច ណាក់ (ហៅឡុង) ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្វាយ ឃុំអង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង, ទី២៖ ឈ្មោះ នួន ស៊ីដា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រសាំងទង ឃុំអង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង, ទី៣៖ ឈ្មោះ ឃឹម ដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃមាស ឃុំអង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង និងទី៤៖ ឈ្មោះ ផាន់ សាវ៉ាន់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រសាំងទង ឃុំអង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ដោយឡែក វត្ថុតាងដែលដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌ស ចំនួន១៨កញ្ចប់ ទម្ងន់១១.៨៧ក្រាម ទូរសព្ទ័ដៃ៣គ្រឿង កែវសម្រាប់ជក់ថ្នាំចំនួន០៤ ដែកកេះចំនួន០១ និងថង់សម្រាប់ចែកចាយថ្នាំមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានឃាត់ខ្លួននិងរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រៃវែង ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕