(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបន្តណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ អនុវត្តវឱ្យតឹងរឹងបំផុត ចំពោះយានយន្តដែលបំពាក់ស៊ីម៉ាំង បើកបររោរិ៍ម៉ាស៊ីនខ្លាំងៗរំខាន ទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ក្នុងពេលធ្វើដំណើរតាមដងផ្លូវ ខណៈដែរក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំមួយជុំវិញបញ្ហានេះ ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ អនុវត្តឲ្យបានម៉ឺងម៉ាត់ និងមិនមានការលើកលែង។
ការណែនាំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំមួយនាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដោយមានវត្តមានចូលរួមពីអភិបាលខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចផងដែរ។
លោក ឃួង ស្រេង បានលើកឡើងថា «ការងារនេះយើងត្រូវតែអនុវត្តឲ្យបានម៉ឺងម៉ាត់ ចំពោះយានយន្តគ្រប់ប្រភេទ មិនថាម៉ូតូឬរថយន្តនោះទេ ពោលគឺឲ្យតែមានសំឡេងរំខានខុសពីធម្មតា គឺយើងត្រូវតែឃាត់ទុក ណែនាំអប់រំ និងឲ្យពួកគាត់ដោះដូរមកជាបំពង់ស៊ីម៉ាំងធម្មតាវិញ ទើបអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅវិញបាន។ ដើម្បីអនុវត្តការងារនេះឲ្យបានជោគជ័យ អាជ្ញាធរខណ្ឌ១៤ និងមានឧបករណ៍វាស់សំឡេងក្នុង១ខណ្ឌ២ទៅ៣គ្រឿង ដើម្បីឱ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចរបស់ខណ្ឌនីមួយៗមានលទ្ធភាពក្នុងការឃាត់ វាស់សំលេងយានយន្តទាំងនោះ»។
លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ បានលើកឡើងផងដែរថា អនុវត្តទៅតាមការណែនាំ នៃវិធានការឃាត់យានយន្តដែលកែឆ្នៃស៊ីម៉ាំងលើនេះ ក្នុងការអនុវត្តជាលើកទីមួយកម្លាំងមាន សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់យានយន្តចំនួន៦០គ្រឿង និងបានធ្វើបច្ចុប្បន្នភាពបានចំនួន៤០គ្រឿង ប៉ុន្តែបើទោះបីជាមានការណែនាំថា ឲ្យអប់រំនឹងប្ដូរស៊ីម៉ាំងមកជាធម្មតាវិញ ឱ្យឲ្យពួកគាត់ត្រឡប់ទៅ គេហដ្ឋានវិញនោះ គឺយានយន្តដែលបានឃាត់ទុក មិនទាន់អនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅវិញអស់នៅឡើយទេ ដោយសារតែម៉ូតូមួយចំនួនមិនទាន់មានស៊ីម៉ាំងដើម្បីធ្វើការផ្លាស់ប្ដូរ។
ក្រៅពីការលើកឡើងខាងលើជុំវិញវិធានការចំពោះការបំពាក់ស៊ីម៉ាំងមានសំឡេងខ្លាំងខាងលើនេះ ការងាររៀបចំសណ្ដាប់ធ្នាប់ ក៏ជាការងារមួយដែលលោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់រៀបចំសណ្ដាប់ធ្នាប់សាធារណៈឲ្យកាន់តែប្រសើរជាងមុន ទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឃួង ស្រេង បានបញ្ជាក់ថា រាជធានីភ្នំពេញមិនមែនសម្រាប់តែអ្នកមានទេ តែទីក្រុងភ្នំពេញ ដាច់ខាតត្រូវតែមានសណ្ដាប់ធ្នាប់ មានភាពស៊ីវីល័យ។ ដូច្នេះទេ អាជ្ញាធរទាំងអស់ត្រូវមានវិធានការជុំវិញរឺម៉ក់ ដឹកសំពីងសំពោង គឺមិនអនុញ្ញាតឲ្យពួកគាត់ដឹកជញ្ជូនចូលមកកណ្ដាលរាជធានីនោះទេ។ ជាជំហានទី១ ចំពោះរឺម៉ក់ម៉ូតូដឹកសំពីងសំពោងនេះ អាជ្ញាធរត្រូវឃាត់ដើម្បីធ្វើកិច្ចសន្យាអប់រំជាលើកទីមួយ ទើបអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅវិញ។ តែបើមានជាលើកទី២ យើងត្រូវតែធ្វើការអត់ពួកគាត់ទុក។ ការអនុវត្តការងារនេះគឺ ដើម្បីធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញរបស់យើងកាន់តែមានសោភ័ណភាព មានសណ្ដាប់ធ្នាប់សាកសមជាទីក្រុងដែលមានភាពស៊ីវិល័យ៕