(បាត់ដំបង)៖ ឧត្តមសេនីយ៍ត្រី សួន សុន នាយកសាលាពលទាហានទី៥ យោធភូមិភាគទី៥ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នេះ បានត្រួតពិនិត្យពិធីហ្វឹកហ្វឺនបាញ់គ្រាប់ពិត ប្រភេទអាវុធ AK៤៧ ក្នុងវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលនាយទាហានរងជាន់ទាប។
វគ្គនេះ មានសិក្ខាកាមនួន ១០១នាក់ ប្រព្រឹត្តទៅនៅទីលានបាញ់គ្រាប់ពិត សាលាពលទាហានទី៥ យោធភូមិភាគទី៥ ស្ថិតក្នុងភូមិឥន្ទជិត ឃុំឈើទាលស្រុកបាណន់ខេត្តបាត់ដំបង។
ពិធីបាញ់គ្រាប់ពិតក្នុងពេលនេះ មានបីកាយវិការ ទី១៖ កាយវិការដេកបាញ់ ទី២៖ កាវិកាតលត់ជង្គុងបាញ់ និងទី៣៖ កាវិការឈរបាញ់ ក្រោយពីបញ្ចប់ការបាញ់លទ្ធផលទទួលបានចំណាត់ថ្នាក់ល្អណាស់ចំនួន៣នាក់ ចំណាត់ថ្នាក់ល្អចំនួន ១៧នាក់ និងចំណាត់ថ្នាក់មធ្យម ចំនួន ៨១នាក់។
លោកឧត្តមសេនីយ៍ត្រី សួន សុន បានសរសើរដល់សិក្ខាកាមទាំងអស់ដែលខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលលទ្ធផលល្អក្នុងការហ្វឹកហ្វឺនបាញ់គ្រាប់ពិតនាពេលនេះ និងបានធ្វើការផ្ដាំផ្ញើឱ្យសិក្ខាកាមទាំងអស់បន្តយកចិត្តទុកដាក់សិក្សារៀនសូត្រ ពីយោធាចារ្យបន្ថែមទៀត ដើម្បីយកចំណេះដឹងដែលទទួលបានពីសាលាទៅបម្រើអង្គភាព និងមាតុភូមិរបស់ខ្លួន៕