(ភ្នំពេញ)៖ លោកស្រី ហេង សុខគង់ ភរិយារបស់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ បាននាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋសម្រាលបានកូនភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ទីលំនៅដ្ឋានស្ថិតនៅក្នុងផ្ទះលេខ១៦៣E2 ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកស្រី ហេង សុខគង់ បានផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោកអភិបាលរាជធានីភ្នំពេញ ដែលជានិច្ចកាលសម្តេច តែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេស កម្ពុជា។

សូមបញ្ជាក់ថា អំណោយដ៏សប្បុរសទាំងនោះរួមមាន៖ ថវិកា ៤០០,០០០រៀល, អង្ករ០២បាវ ស្មើនឹង ៥០គីឡូក្រាម, មី០២កេស, ទឹកត្រី០១យួរ និងទឹកស៊ីអ៊ីវ ០១យួរ៕