(កំពង់ឆ្នាំង)៖ ដោយសារសភាពការ នៃជំងឺកូវីដ១៩ បានរីករាលដាលពាលពេញសកលលោក ជាហេតុនាំឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាសមួយចំនួនត្រូវបានបិទទ្វារ ធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ការងារ បាត់បងចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ។
ប្រជាពលរដ្ឋខ្លះត្រូវបំរាស់ទី ដើម្បីស្វែងរកការងារផ្សេងៗសម្រាប់រកប្រាក់ចំណូល។ ជាក់ស្តែងលោក សយ ចាន់ណាត កសិករម្នាក់រស់នៅឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយសារតែកាមិនចុះចាញ់នឹងសភាពការជាក់ស្តែង លោកក៏បានងាកមកប្រកបរបរចិញ្ចឹមត្រី ចិញ្ចឹមកង្កែប ចិញ្ចឹមខ្យងសម្រាប់លក់ និងបានជួយរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពរស់នៅរបស់គាត់យ៉ាងល្អប្រសើរ។
ប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ លោក សយ ចាន់ណាត បានឱ្យដឹងថា លោកបានចាប់ផ្ដើម ចិញ្ចឹមត្រីអណ្ដែងបានមួយឆ្នាំហើយ ក្នុងនោះដែរចាប់តាំងពី មានការលើកទឹកចិត្តដល់ប្រជាកសិករក្នុងការដាំដំណាំកសិកម្ម ចិញ្ចឹមត្រី កង្កែប ពីប្រមុខរាជរដ្ឋាភិបាលមក លោកក៏បានចាប់ផ្ដើមដាក់កូនត្រីចំនួន២០គីឡូទៀត ស្មើនឹង៥ពាន់ក្បាលនៅក្នុងស្រះ ធ្វើអំពីតង់កៅស៊ូ ដោយបានថែទាំ និងផ្តល់ចំណីការុងឲ្យស៊ីទៅតាមបច្ចេកទេស ដែលលោកធ្លាប់បានរៀនសូត្រជាមួយនឹងមន្ទីរកសិកម្មកន្លងមក។
រយៈពេល១ឆ្នាំមកនេះ លោកបានលក់ត្រីអណ្ដែងបានចំនួន ៣ដងហើយ ដោយលក់ចេញក្នុងមួយគីឡូក្រាមតម្លៃ ៨ពាន់រៀល បានប្រាក់យ៉ាងគួរសមសម្រាប់ផ្គត់ផ្គង់គ្រួសារ ជាមួយគ្នានោះដែរលោកក៏បានពង្រីក មុខរបរកសិកម្មបន្ថែមទៀត ដូចជាចិញ្ចឹមមាន់ ទា និងដាំបន្លែបង្ការផ្សេងៗទុកផ្គត់ផ្គង់ក្នុងគ្រួសារផង និងលក់ជូនប្រជាកសិករ នៅក្នុងមូលដ្ឋានផង ដែលភាគច្រើនពួកគាត់មិនហ៊ានទៅផ្សារដើម្បីទិញត្រីសាច់ និងបន្លែបរិភោគប្រចាំថ្ងៃ។
ជាមួយគ្នានេះដែរ លោកក៏កំពុងចិញ្ចឹមសត្វខ្យងស្រែ និងកង្កែបស្រែចំនួន២ស្រះកៅស៊ូ សាកល្បង ក្នុងនោះគឺសត្វកង្កែបលោកបានបង្កាត់មេញីឈ្មោល ដោយឲ្យចំណី ធម្មជាតិវាស៊ីបានប្រមាណ ៤០០ក្បាល ដែលអាចលក់បាន ក្នុងមួយគីឡូ តម្លៃ១ម៉ឺនរៀល។ ចំណែកសត្វខ្យងវិញ គឺលោកចិញ្ចឹមនៅក្នុងតង់កៅស៊ូ ដោយឱ្យកាកបន្លែវាស៊ី ហើយត្រូវចិញ្ចឹមវារយៈពេល៣ខែទើបធំធាត់ និងអាចចាប់លក់ចេញបានក្នុងមួយគីឡូតម្លៃ ៨០០០រៀល។
ទាក់ទងនិងចិញ្ចឹមត្រី កង្កែប និងខ្យងខាងលើនេះ លោក សយ ចាន់ណាត បញ្ជាក់ថា លោកធ្លាប់បានទៅរៀនសូត្រនៅសាលាកសិកម្ម តាមការណែនាំរបស់មន្ទីកសិកម្ម ខេត្ត និងធ្លាប់ទៅរៀនតាមបណ្ដាកសិដ្ឋានមួយចំនួន នៅក្នុងប្រទេស ទើបលោកចាប់យកមុខរបរខាងលើនេះមកធ្វើការចិញ្ចឹមជាក់ស្តែង ស្របពេលដែលប្រមុខរាជរដ្ឋា ភិបាលបានផ្ដល់ឱកាស និងលើកទឹកចិត្តដល់ប្រជាកសិករនៅតាមមូលដ្ឋានឲ្យនាំគ្នាដាំបន្លែ បង្ការ ចិញ្ចឹមជ្រូក មាន់ ទា និងចិញ្ចឹមត្រី កង្កែប សម្រាប់ផ្គត់ផ្គង់គ្រួសារ ក្នុងបរិបទកូវីដ១៩នេះ ដែលវាកំពុងតែផ្ដល់ផលជូនលោកជាទីគាប់ចិត្ត ដែលអាចធ្វើផ្ទះថ្មី នឹងទិញដីពង្រីកកសិដ្ឋានបន្ថែមទៀត នៅខាងក្រោយផ្ទះផងដែរ។
ជុំវិញរឿងកសិករចាប់យកមុខរបរកសិកម្មខាងលើនេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក៏ធ្លាប់បានអំពាវនាវឲ្យប្រជាកសិករ នៅតាមមូលដ្ឋានយកចិត្តទុកដាក់ដាំដុះបន្លែបង្ការ និងចិញ្ចឹម សត្វ ចិញ្ចឹមត្រី កង្កែប និងខ្យងផងដែរ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅតាមមូលដ្ឋាន នៅក្នុងបរិបទកូវីដ១៩នេះ ដើម្បីឲ្យប្រជាពលរដ្ឋមានចំណីអាហារហូបចុកគ្រប់គ្រាន់ ដោយមិនបាច់ទៅទិញដូរនៅក្នុងទីផ្សារ និងមួយចំណែកទៀត ក៏អាចលក់ចេញសម្រាប់យកកម្រៃ មកផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែមទៀតផងដែរ៕