(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា បច្ចុប្បន្ននេះវិស័យកសិកម្មនៅកម្ពុជា កំពុងមានសក្ដានុពល ប៉ុន្ដែក៏កំពុងខ្វះអ្នកវិនិយោគ មកវិនិយោគលើវិស័យនេះទាំងក្នុងស្រុក និងក្រៅស្រុក។
ការលើកឡើងបែបនេះ របស់លោក វេង សាខុន ធ្វើឡើងក្នុងឱកាសទទួលជួបប្រតិភូ អញ្ជើញមកពីក្រុមហ៊ុន Khmer Holding Group ដឹកនាំដោយលោក ឧកញ៉ា ឆាវ អ៊ីនទ័រ សម្តែងការគួរសម និងរាយការណ៍ជូនរដ្ឋមន្រ្តីជ្រាបពីវឌ្ឍនភាពនៃ ការអនុវត្តគម្រោងវិនិយោគលើ ការដាំដុះរុក្ខជាតិឱសថ បង្កើតវិទ្យាស្ថានស្រាវជ្រាវ រុក្ខជាតិឱសថ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្ម។
លោក វេង សាខុន បានថ្លែងថា «កសិកម្មកម្ពុជាមានសក្តានុពល តែកម្ពុជានៅខ្វះវិនិយោគិនក្នុង និងក្រៅប្រទេស ដើម្បីប្រើប្រាស់សក្តានុពល ដែលមានឲ្យអស់លទ្ធភាព សំដៅលើកស្ទួយផលិតភាពផលិតកម្ម ប្រកួតប្រជែក កែច្នៃ និងនាំចេញឆ្លើយតបតាមតម្រូវការទីផ្សារ គឺស្តង់ដារផលិត ធានាបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងការប្រកួតប្រជែងតម្លៃ»។
បន្ថែមពីនេះលោករដ្ឋមន្រ្ដី បានសម្ដែងក្ដីរីករាយចំពោះ ក្រុមហ៊ុន Khmer Holding Group ដែលបានចូលមកអនុវត្ត គម្រោងវិនិយោគលើ ការដាំដុះរុក្ខជាតិឱសថ បង្កើតវិទ្យាស្ថានស្រាវជ្រាវ រុក្ខជាតិឱសថ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្ម។
លោក វេង សាខុន បានវាយតម្លៃខ្ពស់ ចំពោះលោកឧកញ៉ា ឆាវ អ៊ីនទ័រ និងក្រុមការងារដែលខិតខំប្រឹងប្រែង រៀបចំគម្រោងវិនិយោគលើកម្មវត្ថុសំខាន់៣គឺ៖
១៖ ធ្វើការវិនិយោគដាំដុះរុក្ខជាតិឱសថ។
២៖ បង្កើតវិទ្យាស្ថានស្រាវជ្រាវរុក្ខជាតិឱសថ ដំណាំកសិកម្ម និងផលិតជីសរីរាង្គ។
៣៖ បង្កើតតំបន់សេដ្ឋកិច្ចពិសេស បម្រើឲ្យវិស័យកសិកម្ម ប្រមូលផ្តុំកសិផល ឃ្លាំងស្តុកត្រជាក់ កែច្នៃ និងនាំចេញ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា គម្រោងវិនិយោគជំនួយ របស់រដ្ឋាភិបាលចិននេះ ពិតជាមានសារសំខាន់ ក្នុងការលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំង២ ឲ្យកាន់តែស៊ីជម្រៅ រឹងមាំ គ្រប់ជ្រុងជ្រយ និងស្ថិតស្ថិរយូអង្វែងថែមទៀត។
លោករដ្ឋមន្ត្រីក៏បានរំលេចឲ្យឃើញពី គោលបំណងរបស់ក្រុមហ៊ុនគឺ៖
១៖ ធ្វើការវិនិយោគដាំដុះរុក្ខជាតិឱសថ ចំរាញ់ កែច្នៃ និងផលិត។
២៖ បង្កើតវិទ្យាស្ថានស្រាវជ្រាវរុក្ខជាតិឱសថ ដំណាំកសិកម្ម និងផលិតជីសរីរាង្គ។
៣៖ បង្កើតតំបន់សេដ្ឋកិច្ចពិសេសបម្រើឲ្យវិស័យកសិកម្ម ប្រមូលផ្តុំកសិផល ឃ្លាំងស្តុកត្រជាក់ កែច្នៃ និងនាំចេញ។
រដ្ឋមន្ត្រីបានជម្រាបថា រាជរដ្ឋាភិបាលក៏ដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមស្វាគមន៍ គាំទ្រ និងសហការពេញទំហឹង ដើម្បីរួមចំណែកអភិវឌ្ឍន៍រុក្ខជាតិឱសថ និងវិស័យកសិកម្មនាពេលអនាគត។
លោកឧកញ៉ា ឆាវ អ៊ីនទ័រ បានថ្លែងអំណរគុណចំពោះរដ្ឋមន្ត្រី ដែលចំណាយពេលដ៏មានតម្លៃ ទទួលជួបប្រតិភូ និងបានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះកិច្ចសហការ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានល្អប្រសើរ ក្នុងឆន្ទ:ចូលរួមអភិវឌ្ឍន៍ វិស័យរុក្ខជាតិឱសថកម្ពុជា ក៏ដូចជាវិស័យកសិកម្មនាពេលអនាគត។
លោកឧកញ៉ាបញ្ជាក់ថា បន្ទាប់ពីបានទទួលយោលបល់ពី លោករដ្ឋមន្រ្តីកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ក្រុមការងារបានចុះសិក្សាស្រាវជ្រាវ លើគុណភាពដី ប្រភពទឹក ស្ថានភាពក្សេត្របរិស្ថាន ផ្លូវគមនាគមន៍ នៅតាមបណ្តាខេត្តគោលដៅមាន៖ ខេត្តមណ្ឌលគីរី, ឧត្តរមានជ័យ, ស្ទឹងត្រែង និងខេត្តកោះកុង ដើម្បីជ្រើសយកជាកន្លែងបង្កើតវិទ្យាស្ថានដាំដុះ និងស្រាវជ្រាវរុក្ខជាតិឱសថ និងរោងចក្រចំរាញ់ កែច្នៃ វេចខ្ចប់ សម្រាប់នាំចេញ។
ដោយឡែកខេត្តកំពង់ស្ពឺជ្រើសរើស រកទីតាំងបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ប្រើឲ្យវិស័យកសិ-ឧស្សាហកម្ម។ បច្ចុប្បន្នទីតាំងមួយចំនួនត្រូវបានជ្រើសរើស ជាអាទិភាពរួច រង់ចាំវាយតម្លៃចុងក្រោយ ហើយក៏កំពុងរៀបចំឯកសារគតិយុត្ត ដើម្បីដាក់ជូនទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីពិនិត្យសម្រេច៕