(កណ្ដាល)៖ ផ្លូវបេតុងអាមេ១ខ្សែរប្រវែង១១៩៦ ម៉ែត្រ ក្នុងនោះប្រវែង ១ពាន់ម៉ែត្រ មានទទឹង ៥ ម៉ែត្រ និងប្រវែង ១៩៦ ម៉ែត្រ មានទទឹង ៣.៥ម៉ែត្រ ស្ថិតនៅភូមិក្អមសំណរលើ និងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ក្រោមអធិបតីភាព លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំងអមដំណើរដោយមន្ត្រីសាលាខេត្តកណ្ដាល និងមន្ត្រីមូលដ្ឋានជាច្រើននាក់ផ្សេងទៀត ។
ស្ថិតនៅក្នុងឱកាសសម្ពោធនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នេះ លោកអភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់មន្ត្រីថ្នាក់ក្រោមទាំងអស់ត្រូវតែធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ពិសេសគឺកម្លាំងសមត្ថកិច្ចក្នុងការអនុវត្តនូវគោលនយោបាយ៩ ចំណុចរបស់រាជរដ្ឋាភិបាលឲ្យបានល្អបំផុត ។
មានប្រសាសន៍ក្នុងពិធីនេះដែរ លោក គង់ សោភ័ណ្ឌ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់រដ្ឋបាលស្រុកលើកដែក ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន រួមទាំងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការងារអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ពិសេសការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។
លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់ការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ម្ដងទៀត ព្រោះថាជំងឺកូវីដ-១៩ គឺជាបីសាចលាក់មុខ ។ ដូច្នេះយើងត្រូវសំអាតអនាម័យ ដោយឧស្សាហ៍លាងដៃនឹងសាប៊ូ ជែល ឬអាកុលឱ្យបានញឹកញាប់ ពិសេសពាក់ម៉ាស់ជានិច្ចនៅពេលធ្វើដំណើរចេញពីផ្ទះ ឬនៅកន្លែងប្រជុំជន ព្រមទាំងរក្សាគម្លាតសុវត្ថិភាពផងដែរ។ គោរពច្បាប់ចរាចរណ៍ កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរដោយស្ថានភាពស្រវឹង។
សូមបញ្ជាក់ផងដែរថា ផ្លូវបេតុងប្រវែង ១១៩៦ ម៉ែត្រនេះ បានប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត ៕