(មណ្ឌលគិរី)៖ អតីតទាហានខ្មែរក្រហម និងជាអ្នកបរបាញ់សត្វព្រៃ រហូតប្រែក្លាយជាមន្ត្រីឧទ្យានុរក្សឆ្នើមមួយរូប ការពារក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី លោក មិន ធឿន បានផ្ញើសារថា «ឈប់បានឈប់ទៅ! កុំយកការសម្លាប់សត្វព្រៃធ្វើអាជីវកម្មដូចធ្វើស្រែ» ការបរបាញ់សត្វព្រៃមិនធ្វើឱ្យជីវភាពគ្រួសារធូរធានោះទេ ប៉ុន្តែផ្ទុយទៅវិញគឺរស់នៅដោយភ័យខ្លាចច្បាប់។
ការលើកឡើងរបស់លោក មិន ធឿន បានធ្វើឡើងនៅក្នុងបទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាន នៅក្នុងដំណើរទស្សនកិច្ចរយ:ពេល៥ថ្ងៃ នៅដែនជម្រកសត្វព្រៃស្រែពក នៃតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគិរីកាលពីចុងសប្តាហ៍មុន។
បើតាមលោក មិន ធឿន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «លោកបាញ់សត្វព្រៃ គឺអំឡុងពេលដែលលោកនៅជាទាហានខ្មែរក្រហម រហូតដល់ឆ្នាំ១៩៨០ ជាងទើបលោកឈប់។ សត្វដែលលោកបាញ់សម្លាប់ភាគច្រើនគឺសត្វទន្សោង ខ្ទីងណាធំៗដែលត្រូវខ្នាតដែលគេចង់បាន លោកបាញ់សម្លាប់មិនមែនយកសាច់ទេ គឺបាញ់យកស្នែងព្រោះស្នែងនេះមានទីផ្សារពួកយវៀតណាមជាអ្នកទិញ»។
លោក មិន ធឿន បានរំឮកថា៖ «នឹងឃើញថាបាញ់អត់ទៅមុខ អត់មាន បាញ់បាន២-៣ក្បាល យកទៅលក់បានលុយ ថាយ៉ាងច្រើនចាយបានកន្លះចុះអស់ដដែល ដល់នឹងឃើញមិត្តភក្តិខ្ញុំហៅឱ្យចូលធ្វើជាមន្ត្រី ឧទ្យានុរក្ស ម្តងជាពីរដងអត់ចូលទេព្រោះគិតថាបានប្រាក់ខែតិចពេក តែក្រោយមកទៀតទើបសម្រេចចិត្តចូលធ្វើការនេះតែម្តង»។
ក្រោយបំពេញការងារជាមន្ត្រី ឧទ្យានុរក្សអស់រយៈពេលជិត១០ឆ្នាំនៅដែនជម្រកសត្វព្រៃភ្នំព្រេចមក លោក មិន ធឿន បានក្លាយជាមន្ត្រីគំរូទទួលបានលិខិតសរសើរពីក្រសួងបរិស្ថាន ដែលបានលះបង់ពេលវេលាទាំងថ្ងៃ ទាំងយប់ និងអាយុជីវិត ខិតខំប្រឹងប្រែង ការពារធនធានធម្មជាតិ។
ក្រៅពីលោក មិន ធឿន មានមន្ត្រីឧទ្យានុរក្សជាច្រើននាក់ ដែលពីអតីតកាលពួកគេបានប្រកបមុខរបរបរបាញ់សត្វព្រៃ និងកាប់ព្រៃឈើ ដើម្បីរកកម្រៃដោះដូរនឹងជីវភាពរស់នៅប្រចាំថ្ងៃ ប៉ុន្តែ ក្រោយពីយល់ដឹងពីសារៈសំខាន់នៃសត្វព្រៃ និងព្រៃឈើមក ជាពិសេសការយល់ដឹងផ្នែកច្បាប់ ទើបធ្វើឱ្យពួកគាត់សម្រេចចិត្តបោះបង់មុខរបរនេះចោល ដោយងាកមកចូលបម្រើការងារជាមន្ត្រីឧទ្យានុរក្សវិញ ដើម្បីតបស្នងនឹងអ្វីដែលពួកគាត់ប្រព្រឹត្តកន្លងមកចំពោះធនធានធម្មជាតិ៕