(កំពង់ចាម)៖ បន្ទាប់ពីលេចឮព័ត៌មានថា មានភាពមិនប្រក្រតី ក្នុងការប្រឡងជ្រើសរើសគ្រូជាប់កិច្ចសន្យា នៅការិយាល័យអប់រំ យុវជន និងកីឡា ស្រុកបាធាយ អនុប្រធានមន្ទីរអប់រំខេត្តកំពង់ចាម, លោក ហេង គារិទ្ធី នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានដឹកនាំគណៈកម្មការ ចុះប្រមូលព័ត៌មាន នឹងបើកកិច្ចប្រជុំជាបន្ទាន់។ ជាលទ្ធផលឃើញថា ការិយាល័យអប់រំ ស្រុកបាធាយ បានរៀបចំយ៉ាងត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយបេក្ខជនប្រឡងទៅតាមសមត្ថភាពរបស់ខ្លួនយ៉ាងពិតប្រាកដ។
លោក ហេង គារិទ្ធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយពីមានលេចឮ ព័ត៌មានមិនប្រកតីទាក់ទងទៅនឹងការប្រលងជ្រើសរើសគ្រូជាប់កិច្ចសន្យា នៅការិយាល័យអប់រំស្រុកបាធាយ លោកបានដឹកនាំក្រុមការងារមន្ទីរ លោកអភិបាលរងស្រុកបាធាយ លោកប្រធានការិយាល័យ និងគណៈកម្មការព្រមទាំងអ្នកពាក់ពន្ធ័ បានចុះទៅប្រមូលព័ត៌មាន និងបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដោះស្រាយ។
លោក ហេង គារិទ្ធី បានបញ្ជាក់ថា «បន្ទាប់ពីបានបើកអង្គប្រជុំធ្វើការស្រាវជ្រាវ ជាលទ្ធផលបានបង្ហាញថា គណៈកម្មការគ្រប់គ្រងរៀបចំបានយ៉ាងត្រឹមត្រូវ ទៅតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ពោលគឺរៀបចំស្ទើរ តែដូចការប្រឡងសញ្ញាបត្រដែរ ដោយការប្រឡង កែ បូកស្រង់ប្រកាសលទ្ធផល មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអប់រំខេត្ត មន្ទីរមុខងារសាធារណៈខេត្ត និងលោកអភិបាលរងស្រុកផងដែរ»។
អ្នកគ្រូ ភាព ស្រីណូ ជាបេក្ខជន ចូលរួមប្រឡងជ្រើសរើសគ្រូជាប់កិច្ចសន្យា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅការិយាល័យអប់រំស្រុកបាធាយ បានបញ្ជាក់ថា «ខ្ញុំ និងមិត្តភ័ក្រ្ត៤នាក់ទៀត បានប្រលងជាប់គ្រូកិច្ចសន្យា ដែលលទ្ធផលនោះ គឺចេញពីសមត្ថភាពរៀងៗខ្លួនតែម្តង»។
ជាមួយគ្នានេះ ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកបាធាយលោក អុន លាងអាន បានឲ្យដឹងផងដែរថា បេក្ខជនសរុបមានចំនួន១៨៩នាក់ បានដាក់ពាក្យចូលប្រឡងជ្រើសរើសគ្រូជាប់កិច្ចសន្យា។ ក្នុងនោះជាលទ្ធផល មានបេក្ខជនប្រលងជាប់ចំនួន១៤៣នាក់ និងបេក្ខជនប្រឡងធ្លាក់ចំនួន៤៦នាក់។
លោក អុន លាងអាន ឲ្យដឹងទៀតថា ការប្រឡងជ្រើសរើសគ្រូកិច្ចសន្យា គឺដំណើរការស្របទៅតាមច្បាប់ ពោលគឺគណៈកម្មការបានអនុវត្តទៅតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ជ្រើសរើសយកគ្រូដែលមានសមត្ថភាព ស្របពេលមានបេក្ខជនជាច្រើន មានសញ្ញាប័ត្របាក់ឌុប និងបរិញ្ញាបត្រ ដែលដាក់ពាក្យប្រឡង ដោយមានការចូលរួមត្រួតពិនិត្យពីគណៈកម្មការមាន មន្ទីរអប់រំខេត្ត មន្ទីរមុខងារសាធារណៈ រដ្ឋបាលស្រុកបាធាយផងដែរ ជាអ្នកវាយតម្លៃ និងផ្ដល់លទ្ធផលដល់បេក្ខជនដែលចូលរួមប្រឡងក្នុងឱកាសនោះ៕