(ភ្នំពេញ)៖ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, លោកស្រីបណ្ឌិត ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតដែលទើបតែងតាំងថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា បានជម្រាបជូនសម្តេច ពីគម្រោងជំនួយ និងការវិយោគជាច្រើនរបស់ប្រទេសឥណ្ឌាមកកម្ពុជា។
លោកស្រីបណ្ឌិត ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ បានប្តេជ្ញាចិត្តពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រពៃណីដែលមានតំាងពីយូរលុងណាស់មកហើយ រវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំថែមទៀត ទាំងនៅស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
នៅក្នុងជំនួបសវនាការនាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ លោកស្រីបណ្ឌិត ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ បានលើកឡើងថា ឥណ្ឌាមានគម្រោងចូលរួមជួយជួសជុល អភិរក្សប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក ចូលរួមជំរុញលើកកម្ពស់ការប្រើប្រាស់ទឹកស្អាតនៅជនបទ និងជួយដល់វិស័យសុខាភិបាល ការប្រយុទ្ធប្រឆំាង ជំងឺគ្រុនចាញ់ និងការកសាងសមត្ថភាពសមាជិកសមាជិកាសភា និងមន្រ្តីរាជការជាដើម។
លោកស្រីឯកអគ្គរដ្ឋទូត ក៏បានប្តេជ្ញាថានឹងខិតខំជំរុញដល់អ្នកវិនិយោគិនពីប្រទេសឥណ្ឌា មកបណ្ដាក់ទុននៅកម្ពុជាក្នុងវិស័យសុខាភិបាល ជំរុញឱ្យមានជើងហោះហើរ ត្រង់រវាងប្រទេសទំាងពីរផងដែរ។ លោកស្រីក៏បានជម្រាបជូនទៀតដែរថា ឥណ្ឌានឹងលើកកម្ពស់ការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមបែបឌីជីថល នៅក្នុងនោះ មានប្រជាជនកម្ពុជា និងប្រជាជនឥណ្ឌា ប្រជាជនឥណ្ឌា និងប្រជាជនក្នុងតំបន់អាស៊ាន ហើយឥណ្ឌានឹងកសាងផ្លូវគមនាគមន៍ដ៏ធំមកកាន់បណ្តាប្រទេសសមាជិកអាស៊ានផងដែរ។
លោកស្រីឯកអគ្គរដ្ឋទូត ក៏បានជម្រាប សម្តេចប្រធានរដ្ឋសភាដែរថា ចំពោះសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានស្នើដល់ប្រទេស ឥណ្ឌាជួយផ្តល់ជំនួយមនុស្សធម៌វ៉ាក់សំាងការពារកូវីដ១៩ ដល់ប្រទេសកម្ពុជានោះ លោកស្រីនឹងរាយការណ៍ជូនថ្នាក់ដឹកនាំឥណ្ឌាបានជ្រាប និងសម្រេចនៅក្នុង កិច្ចការនេះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគំាទ្របេសកកម្មការទូតថ្មីរបស់លោកស្រីបណ្ឌិត ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ នៅកម្ពុជា។ សម្តេចបានលើកឡើងថា បេសកកម្មនេះពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការបន្តរួមចំណែកលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទំាងពីរ ដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតថែមទៀត។
កម្ពុជា-ឥណ្ឌា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតនេះជាមួយគ្នាជាយូរយារណាស់មកហើយ ទាំងផ្នែកសិល្បៈ វប្បធម៌ និងជំនឿសាសនា។ សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ថា ឥណ្ឌាជាប្រទេសមួយក្នុងចំណោមប្រទេសមិនច្រើនទេ ដែលបានគំាទ្រដល់រដ្ឋាភិបាលកម្ពុជា នៅក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ខណៈប្រទេសជាច្រើន ពិសេសប្រទេសលោកខាងលិច បានហ៊ុមព័ទ្ធសេដ្ឋកិច្ចកម្ពុជា។
សម្តេចបានលើកឡើងថា រដ្ឋសភាកម្ពុជា មានការពេញចិត្ត ដោយសង្កេតឃើញពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសយើងទំាងពីរ កម្ពុជា-ឥណ្ឌា មានការរីកចម្រើនឥតឈប់ឈរទំាងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល និងការអភិវឌ្ឍធនធានមនុស្ស។
ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌា ដែលរយៈពេលកន្លងមកនេះ បានជួយបណ្តុះបណ្តាលធនធាន មនុស្សរយៈពេលខ្លី និងវែង ដល់និស្សិត និងមន្រ្តីកម្ពុជា ជាងមួយពាន់នាក់ និងសូមស្នើឥណ្ឌាបន្តជួយបណ្តុះបណ្តាលជំនាញផ្សេងៗបន្ថែមទៀត។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាសូមអបអរសាទរ រដ្ឋាភិបាលប្រទេសទាំងពីរ ដែលបានចុះកិច្ចព្រមព្រៀង និងអនុស្សរណៈជាមួយគ្នា ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន និងបានត្រៀមចុះហត្ថលេខាលើឯកសារសំខាន់ៗជាច្រើនទៀត។
លោកស្រី ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ បានស្នើសុំសម្តេចបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំថែមទៀត និងបានគោរព អញ្ជើញសម្តេចដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាក្រោយពេលជំងឺកូវីដ១៩ ធូរស្រាល។
សម្តេចប្រធានរដ្ឋសភា បានទទួលយកសំណើនេះ និងបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការជាច្រើនជាមួយរដ្ឋសភាឥណ្ឌា នៅក្នុងក្របខណ្ឌ ក្រុមមិត្តភាពសភាទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភានានា នៅក្នុងតំបន់និងសកលលោក មានជាអាទិ៍ អន្តរសភាអាស៊ាន និងសហភាពអន្តរសភា(IPU) ជាដើម៕