(កំពង់ធំ)៖ ពិតជារឿងមួយ ដែលគួរឱ្យកោតស្ញប់ស្ញែង សម្រាប់គ្រួសារកសិករមួយគ្រួសារ រស់នៅភូមិបុស្សស្រមោច ឃុំជ័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ក្រោយមាន ការខិតខំប្រឹងប្រែង ជម្នះរាល់ឧបសគ្គ រហូតទទួលបានជោគជ័យ ក្នុងការប្រកបមុខរបរចិញ្ចឹមមាន់លក្ខណៈគ្រួសារ និងអាចរកចំណូលបានខ្ពស់គួរសម សម្រាប់ផ្គត់ផ្គង់ ជីវភាពនៅក្នុងគ្រួសារ ដោយពុំចាំបាច់ធ្វើការចំណាកស្រុក ឬធ្វើការដើម្បីទទួលបានប្រាក់ប្រចាំខែនោះឡើយ។
ថ្លែងទាំងអារម្មណ៍សប្បាយរីករាយ មកកាន់ភ្នាក់ងារសារព័ត៌មាន Fresh News នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ លោក តន់ ទន និងគ្រួសារដែលសមាជិក ចំនួន៤នាក់ក្នុងគ្រួសារ បានឱ្យដឹងថា ដំបូងឡើយលោកបានចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ មានមេមាន់ពីរបីទេ តែដោយសារបានទៅប្រជុំ នៅសាលាឃុំសាលាវិស័យ គេបានបង្កើតជាសហគមន៍កសិកម្មសាលាវិស័យ ដោយមានការគាំទ្រពីអង្គការសកម្មភាព ដើម្បីអភិវឌ្ឍន៍ (AFD) បានជំរុញឱ្យកសិករផលិតមាន់ គាត់ក៏មានការចំណាប់អារម្មណ៍ចង់ចិញ្ចឹម។
លោកបានបន្តថា ដំបូងឡើយគាត់គ្រាន់តែចិញ្ចឹមមាន់យកពង សម្រាប់ផ្គត់ផ្គង់ឱ្យក្រុមផលិតយកកូនទេ តែដោយសារគាត់ចែកជាអ្នកចិញ្ចឹមយកពងផ្សេង អ្នកភ្ញាស់កូនផ្សេង ហើយអ្នកចិញ្ចឹមមាន់សាច់ផ្សេង ពេលនោះលោកចិញ្ចឹមមាន់ផលិតបានពងហើយ ស្រាប់តែសមាជិកខាងសហគមន៍ គាត់មិនមានអ្នកទិញទូយកមកដាក់ភ្ញាស់ លោកក៏សម្រេចចិត្តទិញទូមកភ្ញាស់ខ្លួនឯង ដោយភ្ញាស់ផងចិញ្ចឹមយកពងផង និងចិញ្ចឹមយកសាច់ផង។
លោកបានបន្តទៀតថា សព្វថ្ងៃនេះលោកបានចិញ្ចឹមមាន់យកពងមាន ៣០០ក្បាល មាន់សាច់មាន់ជាង ៩០០ក្បាល ហើយការចិញ្ចឹមមាន់យកសាច់ គឺរយៈពេល៤ខែ ដែលបានផ្តល់ចំណីបែបធម្មជាតិ ដែលមានលាយអាសាឡា បាយ កន្ទក់ ជាដើម។ លោកក៏មានកូនមាន់ជាង៨០០ក្បាល ហើយការចិញ្ចឹមកូនមាន់នេះ អាចលក់ចេញតម្លៃ១ក្បាល ៥០០០រៀលកូន២១ថ្ងៃ ដែលធ្វើវ៉ាក់សាំងឱ្យ ៣មុខ មាន៖ ញ៉ូកាស់ កុម៉ារ៉ូ និងអ៊ុត។
លោកបានបន្ថែមទៀតថា ចាប់តាំងពីចាប់ផ្ដើមចិញ្ចឹមមាន់ មកលោកមិនពិបាកដើរ ទៅរកស៊ីនៅស្រុកគេឆ្ងាយៗ ដូចពីកាលដែលលោកមិនទាន់ចិញ្ចឹមមាន់នោះទេ គឺលោក អាចនៅតែផ្ទះជុំកូន ជុំប្រពន្ធ ហើយព្រលឹមឡើង គឺមានការងារទាំងកូន ទាំងប្រពន្ធ នៅពេលដែលកូនមកពីរៀន គឺវាមានការងារធ្វើ អត់ដូចមុន កូនមកពីរៀន ដើរលេងបាត់ តែឥឡូវដើរលេងអត់បានទេ ការងារបង្រៀនវាឱ្យជួយធ្វើ ដើម្បីសម្រាលការងារដល់លោក និងប្រពន្ធលោកដែរ ហើយមានលុយសម្រាប់ចាយផងដែរ។
ក្នុងនាមជាកសិករចិញ្ចឹមមាន់មួយរូបលោក តន់ ទន បានអំពាវនាវដល់ប្រជាជនកសិករទាំងអស់ នាំគ្នាចិញ្ចឹមមាន់ឱ្យបានច្រើន ដើម្បីបង្កើនជីវភាពជាពិសេសគឺអាចកាត់ បន្ថយការចំណាកស្រុកទៅរកស៊ីស្រុកគេ មួយទៀតគឺអាចធ្វើឱ្យក្នុងប្រទេសយើង មានសុវត្ថិភាពផ្នែកចំណីអាហារ កាត់បន្ថយការនាំចូលពីបរទេសផងដែរ។
លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានកោតសរសើរដល់ក្រុមគ្រួសារលោក តន់ ទន ដែលបានគិតគូរពីសុខមាលភាពប្រជាពលរដ្ឋ និងជំរុញការចិញ្ចឹម មាន់បន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូលពីក្រៅប្រទេស តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក ប៉ែន វណ្ណរិទ្ធ បានបន្តថា លោកនឹងខិតខំបង្កលក្ខណៈងាយស្រួល លើផ្នែកបច្ចេកទេសបង្កើនការផលិត ដើម្បីកាត់បន្ថយការនាំចូលសត្វ ពីប្រភពខាងក្រៅ និងបង្កើនការងារដល់ប្រជាពលរដ្ឋ ដែលនៅក្នុងប្រទេសផងដែរ៕