(ភ្នំពេញ)៖ ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ក្នុងសំណុំរឿង ០០៣ផង និង ០០៤ផង ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរការនីតិវិធីនៅចំពោះអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) តាំងពីការចាប់ផ្តើមមក។

ខ្ញុំសូមវាយតម្លៃខ្ពស់ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ដែលបានបង្កើតតុលាការជាតិ ដោយមានការចូលរួមពីអន្តរជាតិ ដើម្បីជំនុំជម្រះក្តីលើអតីតមេដឹកនាំជាន់ខ្ពស់និងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៅក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រព្រឹត្តឡើងនៅចន្លោះពីថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខៃមករា ឆ្នាំ១៩៧៩ ដើម្បីនាំយកមកនូវយុត្តិធម៌ និងការពិតជូនជនរងគ្រោះនៃរបបខ្មែរក្រហមក៏ដូចជាសម្រាប់មនុស្សជាតិទាំងមូល។

ក្នុងដំណើរការរបស់ខ្លួនសាលាក្តីខ្មែរក្រហមបានជំនុំជម្រះក្តី និងសម្រេចផ្តន្ទាទោសអតីតប្រធានគុកទួលស្លែង កាំង ហ្គេចអ៊ាវ ហៅឌុច ក្នុងសំណុំរឿង ០០១ និងអតីតប្រធានសភានិងជាអនុលេខាបក្សកុម្មុយនិស្តកម្ពុជា នួន ជា អតីតប្រធានគណៈប្រធានរដ្ឋនៃរបបខ្មែរក្រហម ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិតចំពោះតួនាទី និងការទទួលខុសត្រូវ ដែលពួកគេមានចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាមនិងជនជាតិវៀតណាម ដែលបានបង្កវិនាសកម្មធ្វើឱ្យមានអ្នកស្លាប់ជាង ២លាននាក់។

នេះពិតជាសមិទ្ធផលដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់យុត្តិធម៌អន្តរជាតិ និងសម្រាប់មនុស្សជាតិ។ ខ្ញុំពិតជាអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាលាក្តីខ្មែរក្រហម និងការគាំទ្រជំនួយថវិកាសម្ភារៈពីប្រទេសម្ចាស់ជំនួយនានា រាប់ទាំងរាជរដ្ឋាភិបាលកម្ពុជាផងដែរ ដែលបានធ្វើឱ្យតុលាការនេះបានដំណើរការដោយរលូន និងនាំយកនូវយុត្តិធម៌ជនរងគ្រោះនិងបានធ្វើឱ្យជនរងគ្រោះនៃសំណុំរឿងដែលបានកាត់សេចក្តីហើយបានស្ងប់ចិត្ត មានអារម្មណ៍ធូរស្បើយ និងទទួលបានយុត្តិធម៌ចំពោះការបាត់បង់និងការឈឺចាប់របស់ខ្លួនបង្កឡើងដោយរបបខ្មែរក្រហម បើទោះបីជាមិនអាចសងមកវិញនូវអ្វីដែលពួកគេបាត់បង់ក៏ដោយ។ យុត្តិធម៌ ដែលជនរងគ្រោះមិននឹកស្មានថា នឹងបានទទួល ៤០ឆ្នាំក្រោយពេលរបបខ្មែរក្រហមដួលរលំឡើយ។

ខ្ញុំសូមអរគុណចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តួលរំលំរបបខ្មែរក្រហម សង្គ្រោះជាតិនិងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម នាំយកសុខសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ និងបានផ្តួចផ្តើមបង្កើតតុលាការពិសេសកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមនាំយកយុត្តិធម៌ជូនជនរងគ្រោះថែមទៀត។

ប៉ុន្តែសម្រាប់ខ្ញុំជាជនរងគ្រោះក្នុងសំណុំរឿង ០០៣ និង០០៤ ក៏ទន្ទឹងរង់ចាំយុត្តិធម៌យ៉ាងអន្ទះសាដូចជនរងគ្រោះផ្សេងទៀតដែរ។ យុត្តិធម៌ ដែលខ្ញុំទន្ទឹងរង់ចាំ ទោះបីជាសំណុំរឿងដែលនៅសេសសល់ត្រូវបញ្ជូនទៅជំនុំជម្រះ ឬក៏សម្រេចដោយនីតិវិធីច្បាប់ថាមិនទៅជំនុំជម្រះយ៉ាងណាក្តី ពោលគឺខ្ញុំបានត្រៀមចិត្តរួចស្រេចទៅហើយព្រោះទោះចូលក្នុងសេណារីយូណាក៏ដោយគឺខ្ញុំគោរពតាមការសម្រេចរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាជានិច្ច។

ពេលនេះ អ្វីដែលខ្ញុំក្នុងនាមជា ដើមបណ្តឹងរដ្ឋប្បវេណីចង់ដឹង តើចៅក្រមជាតិនិងអន្តរជាតិនៃអង្គបុរេជំនុំជម្រះ កំពុងតែធ្វើអ្វីឱ្យពិតប្រាកដ បានជាមានភាពយឺតយ៉ាវយ៉ាងខ្លាំងក្នុងការចេញសេចក្តីសម្រេចលើបណ្តឹងឧទ្ធរណ៍សំណុំរឿង០០៣ ប្រឆាំងនឹងជនសង្ស័យ មាស មុត ខណៈការកំណត់ប្រកាសសេចក្តីសម្រេចនឹងធ្វើឡើងនៅចុងឆ្នាំ២០២០ កន្លងទៅ?

ការពន្យារពេលនៃការប្រកាសសាលដីកា របស់អង្គបុរេជំនុំជម្រះថាតើសំណុំរឿងប្រឆាំងនឹងសំណុំរឿង ០០៣ ត្រូវបញ្ជូនទៅជំនុំជម្រះ ឬត្រូវទម្លាក់ចោល គឺស្មើនឹងចៅក្រមនៃអង្គបុរេជំនុំជម្រះបដិសេធមិនផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងមិនគោរពគោលការណ៍ជំនុំជម្រះក្តីដោយយុត្តិធម៌។ ខ្ញុំជាជនរងគ្រោះដែលខំចំណាយពេលរាប់ឆ្នាំចូលរួមក្នុងដំណើរការនីតិវិធីច្បាប់ ពិតជាអស់សង្ឃឹមយ៉ាងខ្លាំងលើចៅក្រុមនៃអង្គបុរេជំនុំជម្រះបើចៅក្រមនៃអង្គបុរេជំនុំជម្រះនៅតែបន្តពន្យារពេលប្រកាសសេចក្តីសម្រេចរបស់ខ្លួនលើបណ្តឹងឧទ្ធរណ៍នេះរីឯឋានៈជាដើមបណ្តឹងរដ្ឋប្បវេណីរបស់ខ្ញុំ មិនទាន់ដឹងថា អង្គបុរេជំនុំជម្រះទទួលស្គាល់ឬមិនទទួលស្គាល់។

ក្នុងនាមជនរងគ្រោះមួយរូប ខ្ញុំពិតជាស្នើសុំដ៏ទទូចទៅចៅក្រមជាតិ និងចៅក្រមអន្តរជាតិ នៃអង្គបុរេជំនុំជម្រះ ពន្លឿនចេញសេចក្តីសម្រេច លើបណ្តឹងឧទ្ធរណ៍ក្នុងសំណុំរឿង០០៣ និងសំណុំរឿង ០០៤ ព្រោះពេលវេលាដែលបានកំណត់ បានដើរហួសជាច្រើនខែមកហើយ។ យើងខ្ញុំពិតជាចង់ដឹងនិងចង់ឃើញថាតើសំណុំរឿងនេះវិវត្តន៍ទៅជាយ៉ាងណា ព្រោះមិនចង់នៅរង់ចាំត្រាំត្រែងគ្មានកោះត្រើយ គ្មានដំណឹងពីអង្គបុរេជំនុំជម្រះឡើយ។

ថាជនសង្ស័យក្នុងសំណុំរឿង០០៣ និង០០៤ ទៅចុះមានវ័យចាស់ៗ ហើយជនជាប់ចោទ និងជនសង្ស័យខ្លះ បានស្លាប់បាតបង់ជីវិត យើងខ្ញុំជាជនរងគ្រោះក៏មានវ័យចាស់ និងខ្លះក៏បានស្លាប់បាត់បង់ជីវិតជាបណ្តើរៗដែរ។

យើងខ្ញុំពិតជាបានរងគ្រោះឆ្អែតឆ្អន់ហើយពីការធ្វើទុក្ខបុកម្នេញ ដោយរបបខ្មែរក្រហមខ្លះមានវិបត្តិផ្លូវចិត្តជាប់ខ្លួនបាននិងកំពុងរង់ចាំការការសម្រេចរបស់ចៅក្រមនៃអង្គបុរេជំនុំជម្រះនៃសាលាក្តីខ្មែរក្រហមនៅក្នុង សំណុំរឿង០០៣ និង០០៤ ឱ្យបានឆាប់រហ័សបំផុត ដោយមិនបន្តផ្អឹបទុកយូរ ទៀតឡើយ ទាន់ជនរងគ្រោះនៅរស់រានមានជីវិត ហើយជនសង្ស័យនៅរស់រានមានជីវិតនៅឡើយ។

ខ្ញុំជឿជាក់ថាចៅក្រមជាតិនិងអន្តរជាតិនៃអង្គបុរេជំនុំជម្រះដែលមានបទពិសោធន៍ក្នុងវិស័យយុត្តិធម៌អន្តរជាតិជាច្រើនឆ្នាំប្រាកដជាយល់ច្បាស់នូវពាក្យថា «ការពន្យារពេលផ្តល់យុត្តិធម៌ គឺជាការបដិសេធផ្តល់យុត្តិធម៌» ហើយជឿជាក់ចៅក្រមនៃអង្គបុរេជំនុំជម្រះទាំងអស់នឹងមិនធ្វើឱ្យខូចសមិទ្ធផលនិងកេរដំណែលដែលសាលាក្តីខ្មែរក្រហមបាននិងកំពុងសម្រេចជូនជនរងគ្រោះនោះឡើយ៕

ដោយសេចក្តីគោរព
ជនរងគ្រោះជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង ០០៣ និង០០៤