(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេស និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់ Fresh News មុននេះបន្តិចនា នាព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះថា អ្នកជំងឺផ្តាសាយជ្រូក ប្រភេទ H1N1 ស្ថានភាពបុរសម្នាក់ ដែលបានកើតជំងឺផ្តាសាយជ្រូក (H1N1) នៅមន្ទីរ​ពេទ្យរុស្សី នៅដដែល មិនទាន់មានអ្វីប្រែប្រួលទេ, ពោលគឺមិនទាន់ធ្ងន់ធ្ងរ​ ឬធូរស្រាលនោះទេ។

លោកស្រី បានបញ្ជាក់ថា អ្នកជំងឺកំពុងត្រូវបានដាក់ឲ្យ​នៅដាច់​ដោយឡែកពីគេ នៅមន្ទីរពេទ្យរុស្សី និងកំពុងស្ថិត​ក្រោមការយក​ចិត្តទុកដាក់បំផុតពីក្រុមគូ្រពេទ្យនៅទីនោះ។​

បុគ្គលិកស្ថានីយ៍ទូរទស្សន៍ CTN បានឲ្យដឹងថា បុរសដែលកំពុងរងនូវការវាយប្រហារពីជំងឺ​ផ្តាសាយជ្រូក ហើយកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យរុស្ស៊ី មានឈ្មោះ ឃុន ណូ អាយុប្រហែល៣០ឆ្នាំ មានមុខងារ Cameraman នៅស្ថានីយ៍ទូរទស្សន៍ CTN ។

លោកស្រីអ្នកនាំពាក្យរូបនោះបានអះអាងថា អ្នកជំងឺធ្លាប់បានធ្វើដំណើរតាមបណ្តាខេត្តនានា និងធ្លាប់មានជំងឺសួតផងដែរ។ ជំងឺនេះជាប្រភេទ H1N1 ជំងឺនេះអាចឆ្លងតាមរយៈផ្លូវដង្ហើម និងកណ្តាស។ ជំងឺផ្តាសាយជ្រូកនេះ ប្រសិនបើកើតនៅលើអ្នកមានជំងឺសួតនោះ វានឹងធ្វើឲ្យមានសភាពធ្ងន់ធ្ងរ ប៉ុន្តែវាមិនមែនជាជំងឺចម្លែកនោះទេ គ្រាន់តែខុសប្លែកពីជំងឺផ្តាសាយធម្មតាបន្តិចបន្តួច៕