(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក ដាតូ អ៉ីរីវ៉ាន់ ពើហ៉ីន យូស៊ូហ៍ រដ្ឋមន្ត្រីក្រសួងការបរទេសប្រ៊ុយណេដារ៉ូសាឡឹម, លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងរៀបចំឡើង នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ក្រសួងការបរទេស បញ្ជាក់ថា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងពិនិត្យមើលការអនុវត្តផែនការការងារនានា ដែលសម្រេចដោយថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើទី៣៧ ស្ដីពីការពិនិត្យមើលឡើងវិញនូវផែនការលំអិតរបស់អាស៊ាន វិធីនិងមធ្យោបាយនានា ដើម្បីសម្រេចបាននូវការកសាងសហគមន៍អាស៊ាន ដោយផ្អែកលើបរិបទសកលលោកនាពេលបច្ចុប្បន្ន និងជំងឺរាតត្បាតជាសកលកូវីដ-១៩ និងកំណត់ទិសដៅចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងពិភាក្សាផងដែរ អំពីផែនការស្តារសេដ្ឋកិច្ចអាស៊ាន ក្រោយពីជំងឺកូវីដ-១៩ ព្រមទាំងការប្រាស្រ័យទាក់ទងជាមួយនឹងសហគមន៍ពិភពលោក។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល, ប្រទេសប៊្រុយណេដារ៉ូសាឡឹម នឹងដឹកនាំដំណើរការអាស៊ាននាឆ្នាំនេះ ក្រោមមូលបទ «យើងយកចិត្តទុកដាក់, យើងត្រៀមលក្ខណៈ, យើងរីកចម្រើន» ជាមួយនឹងចំណុចអាទិភាពគន្លឹះចំនួនបី ដែលផ្តោតជាសំខាន់ទៅលើ ១៖ ប្រកាន់ខ្ជាប់នូវវប្បធម៌យកចិត្តទុកដាក់របស់អាស៊ាន ២៖ ត្រៀមលក្ខណៈ និងសម្របខ្លួនសម្រាប់ពេលអនាគត និង ៣៖ បង្កើតឱកាសសម្រាប់កាលានុវត្តភាពរបស់ប្រជាជនអាស៊ាន៕