(បន្ទាយមានជ័យ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដំឡូង បុកនឹងរថយន្តមួយគ្រឿង កាលពីវេលាម៉ោង១២យប់រំលងអធ្រាត ឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ លើកំណាំត់ផ្លូវជាតិលេខ៦ នៅចំណុចលើភ្នំ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ នៃខេត្តបន្ទាយមានជ័យ បណ្តាលឲ្យមេបញ្ជាការរងកងពលតូចថ្នើរជើងលេខ៥១ បានស្លាប់នៅក្នុងរថយន្តយ៉ាងអាណោចអាធ័ម។
លោក មាស រិទ្ធី អធិការស្រុកព្រះនេត្រព្រះ បានប្រាប់ឲ្យ ភ្នាក់ងារ Fresh News ដឹងតាមរយះទូរស័ព្ទ ថាជនរងគ្រោះមានឈ្មោះ ហ៊ុល ប៊ុនធឿន ជាមេបញ្ជាការរងកងពលតូចថ្នើជើងលេខ៥១។ លោកបានបន្តថា ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង ខណៈដែលជនរងគ្រោះបានបើករថយន្ត១គ្រឿងម៉ាក កាមរីឆ្លាម ចង្កូតស្តាំ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2F-3053 ធ្វើដំណើរលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកដំឡូង១គ្រឿងទៀតម៉ាក ហ៊ីណូ ពណ៌លឿងលាយស ពាក់ស្លាកលេខ 3A-2846 ទិសដៅបញ្ច្រាសគ្នា បានរ៉េចង្កូតមកខាងស្តាំ បុកគ្នាជាមួយរថយន្តកាមរី និងក្រឡាប់ចាក់ដំឡូងសង្កត់លើរថយន្តនោះ បណ្តាលឲ្យអ្នកបើកបរដែលជាជនរងគ្រោះស្លាប់ក្នុងរថយន្តតែម្តង។ រីឯតៃកុងរថយន្តដឹកដំឡូងបានរត់គេចខ្លួនបាត់ស្រមោល មុនសមត្ថកិច្ចជំនាញទៅដល់កន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានអូសសាកសបជនរងគ្រោះចេញមកក្រៅ រួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែករថយន្តទាំង ២គ្រឿង បានយកទៅរក្សាទុក រង់ចាំដោះស្រាយតាមច្បាប់បន្ត និងស្រាវជ្រាវរកម្ចាស់រថយន្តមកដោះស្រាយនាពេលក្រោយ៕