(សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំនៅតាមទីតាំងជាក់ស្តែងនៃការងារ ដើម្បីតាមដានការអនុវត្តការងារផ្សេងៗនាពេលកន្លងមក ព្រមទាំងផ្តល់យោបល់បច្ចេកទេស និងដំណោះស្រាយនានាសម្រាប់កិច្ចការទាំងនោះ។
ក្នុងដំណើរការត្រួតពិនិត្យការងារនេះ អង្គប្រជុំបានចុះពិនិត្យទីតាំងមួយចំនួនដែលចាំបាច់ត្រូវកែសម្រួលប្រព័ន្ធរំដោះទឹក លើកកម្ពស់សោភ័ណភាពទូទៅក្នុងតំបន់ប្រាសាទ ក៏ដូចជាបង្កើនគុណភាពសេវាកម្មទេសចរណ៍រមណីយដ្ឋានអង្គរក្រោយជំងឺកូវីដ-១៩។
ដំណើរត្រួតពិនិត្យប្រចាំខែមករានេះ លោកអគ្គនាយក និងអ្នកជំនាញគ្រប់នាយកដ្ឋាន ក៏បានចុះទៅពិនិត្យសំណង់អគារសាលាបារាំងចុងបូព៌ា ដែលមានអាយុជាង ១០០ ឆ្នាំមកហើយនៅខាងលិចប្រាសាទបាយ័ន ដើម្បីពិនិត្យពីស្ថានភាពសំណង់ និងឱ្យរៀបចំជួសជុលអគារនេះឡើងវិញ សម្រាប់ទុកជាកន្លែងរក្សាទុកនូវបុរាណវត្ថុផ្សេងៗ ព្រោះកន្លែងនេះក៏ជាទីតាំងរក្សាទុក និងជួសជុលបុរាណវត្ថុពីសម័យបារាំងមកដែរ៕