(កំពង់ចាម)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ បានរៀបចំពិធីបិទវគ្គបំប៉នជំនាញ ស្តីពីនីតិវិធីវាស់វែងគ្រោះថ្នាក់ចរាចរណ៍ បច្ចេកទេសប្រើប្រាស់ឧបករណ៍ពិនិត្យជាតិស្រវឹង និងឧបករណ៍ពិនិត្យ ល្បឿនយានយន្ដ។
ក្នុងនោះ ក៏មានការប្រគល់-ទទួល ឧបករណ៍ពិនិត្យជាតិស្រវឹង និងឧបករណ៍ពិនិត្យ ល្បឿនយានយន្ដ ដែលជាអំណោយរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្ដល់ជូនខេត្តចំនួនបី គឺខេត្តកំពង់ចាម ក្រចេះ និងខេត្តត្បូងឃ្មុំ រួមមាន ឧបករណ៍ ពិនិត្យល្បឿនយានយន្ដ ក្នុងមួយខេត្ត ទទួលបានចំនួន០១គ្រឿង និងឧបករណ៍ពិនិត្យជាតិស្រវឹង ក្នុងមួយស្រុក-ក្រុង ទទួលបានចំនួន០១គ្រឿង។
ពិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ តំណាងលោកឧត្ដមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ និងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ដកំពង់ចាម។
ក្រៅពីនេះ ក៏មានការអញ្ជើញចូលរួមពី លោកស្នងការរងគ្រប់រូប លោកគ្រូឧទ្ធេសនាម នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ លោកអនុប្រធានផែន លោកស្រី នាយការិយាល័យជំនាញគ្រប់រូប លោកអធិការនគរបាលស្រុក-ក្រុងទាំង១០ និងសិក្ខាកាមទាំងបីខេត្តផងដែរ៕