(ភ្នំពេញ)៖ គិតមកដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ ថវិកាដែលទទួលបានពីសប្បុរសជននានា ដើម្បីទុកសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ សរុបទាំងអស់ជាង៥៧,៣លានដុល្លារអាមេរិក ក្នុងនោះមានជាលុយដុល្លារ ៥៤ ៣៤២.០០២ដុល្លារ និងលុយរៀល ១១ ៩១៣ ៨២៦ ៤០០រៀល។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបិទបញ្ចប់ហើយ ការទទួលថវិកាពីសប្បុរសជន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។
ថវិកានេះបានកើនឡើងជាលំដាប់ ដោយសារតែមានការចូលរួមបរិច្ចាគ យ៉ាងសស្រាក់សស្រាំពីសាធារណជនគ្រប់ទិសទិស ទាំងវិនិយោគិន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ និងប្រជាពលរដ្ឋទូទៅផងដែរ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានប្រកាសបញ្ឈប់ការទទួលថវិការបស់សប្បុរសជន ក្នុងការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណដល់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ព្រមទាំងជនរួមជាតិទាំងអស់ ដែលបានប្រោសប្រទានព្រះរាជទ្រព្យ និងបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាល សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩៕