(កំពង់ឆ្នាំង)៖ កំលាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ត្រី ឃឹម សុផាត នាយរងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ស្នងការ និងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាតំបូងខេត្តកំពង់ឆ្នាំង បានបេីកប្រតិបត្តិការណ៍ដេញបង្ក្រាបបានជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងបានដកហូតវត្ថុតាងថ្នាំញៀន២កញ្ចប់។
ប្រតិបត្តិការនេះបានធ្វើឡើងល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់យីហោ សេង ម៉េង ស្ថិតក្នុងភូមិរិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ប្រភពពីនគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់មានឈ្មោះ សុខ ស្រីសែ ភេទស្រីអាយុ១៨ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិពោធិ៍រិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងឈ្មោះ ជា ចាន់តារា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ប្រភពដដែលបានឱ្យដឹងទៀតថា ជនសង្ស័យទាំងពីរនាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធីច្បាប់៕