(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង ច្រានចោលចំពោះការប្រើប្រាស់ឈ្មោះរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន ដោយបុគ្គលឈ្មោះ ជា វិបុល និងក្លែងបន្លំឯកសារ ថាក្រុមហ៊ុនបានយល់ព្រមឧបត្ថម្ភកម្មវិធីដែលបុគ្គល ជា វិបុល បានបំពេញការងារជាអ្នកប្រឹក្សាឯករាជ្យសម្រាប់អង្គការអន្តរជាតិមួយ។
ក្រុមហ៊ុន ជីប ម៉ុង មិនទទួលស្គាល់ និងមិនទទួលខុសត្រូវចំពោះការប្រើប្រាស់ឈ្មោះ និងឡូហ្គោ ជីប ម៉ុង ដោយបុគ្គល ជា វិបុល ដែលបានប្រើដើម្បីបោកប្រាស់ ស្ថាប័នអន្តរជាតិ និងបោកប្រាស់ក្រសួងសម្រាប់ប្រាក់ចំនេញផ្ទាល់ខ្លួននាពេលកន្លងមកឡើយ។
បុគ្គល ជា វិបុល បានក្លែងបន្លំកិច្ចព្រមព្រៀងថា ក្រុមហ៊ុនបានយល់ព្រមឧបត្ថម្ភសម្រាប់កម្មវិធីដែលខ្លួនបាន បំពេញការងារជាអ្នកប្រឹក្សាឯករាជ្យ ក្លែងបន្លំសារទំនាក់ទំនងឆ្លើយឆ្លងតាមរយៈ Email និង Telegram ដែលបន្លំជាបុគ្គលិករបស់ក្រុមហ៊ុន និងបានប្រើប្រាស់ឡូហ្គោរបស់ក្រុមហ៊ុន ជីប ម៉ុង ជាអ្នកឧបត្ថម្ភធំសម្រាប់កម្មវិធីដោយមិនមានការអនុញ្ញាតពីក្រុមហ៊ុន។
នៅក្នុងលិខិតសុំទោសជាសាធារណៈ បុគ្គល ជា វិបុល បានសន្យាថា នឹងឈប់ប្រើប្រាស់ឈ្មោះ និងឡូហ្គោ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន និងកម្មសិទ្ធិបញ្ញាដោយគ្មាន ការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុនជាមុនឡើយ ព្រមជាមួយគ្នានេះ ក៏សូមសន្យាផងដែរថា នឹងមិនបង្កឲ្យមានបញ្ហាណាមួយ ដែលអាចបង្កជាផលប៉ះពាល់ អវិជ្ជមានដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុន និងមានការភាន់ច្រឡំពីសាធារណជនឡើយ។
ក្រុមហ៊ុន ជីប ម៉ុង នឹងចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីដែលបុគ្គល ជា វិបុល មិនគោរពតាមកិច្ចសន្យារបស់ខ្លួន៕