(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ «មូលនិធិគន្ធបុប្ផាកម្ពុជា» នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី៣ នៃ «មូលនិធិគន្ធបុប្ផាកម្ពុជា» ដោយមានវត្តមានចូលរួមពីលោក ម៉ម ប៉ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន។

របៀបវារៈសំខាន់ៗដូចខាងក្រោម៖

១៖ ប្រតិបត្តិការរបស់មន្ទីពេទ្យគន្ធបុប្ផា និងស្ថានភាពហិរញ្ញវត្ថុ របស់មូលនិធិគន្ធបុប្ផាកម្ពុជា៖

ក្នុងឆ្នាំ២០២០នេះ, មន្ទីរពេទ្យគន្ធបុប្ផាបានទទួលកុមារមកពិគ្រោះ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ ចំនួន ៦៣៩ ២៦៨ ករណី, ស្រ្តីមានផ្ទៃពោះទទួលបានការពិនិត្យ និងព្យាបាល នៅផ្នែកពិគ្រោះជំងឺក្រៅផ្នែកសម្ភព ចំនួន១៣២ ៤៤៣ ករណី, កុមារបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ១៣៣ ០២៦ នាក់, ជំងឺគ្រុនឈាមធ្ងន់ធ្ងរ ចំនួន ៤ ៤៨៨ នាក់, ជំងឺគ្រុនឈីក ចំនួន ១ ៤៩២ នាក់, និងវះកាត់សរុបចំនួន ២៤ ៨២២ នាក់។

«មូលនិធិគន្ធបុប្ផាកម្ពុជា» បានទទួលវិភាគទានសប្បុរសធម៌ សរុបចំនួនប្រមាណ ៦១ ៩៨១លានរៀល (ប្រមាណជាង១៥លានដុល្លារ) និង ៦ ០០០ ០០០ ដុល្លារអាមេរិក ក្នុងនោះ៖ វិភាគទានពីរាជរដ្ឋាភិបាលចំនួន ៤០ប៊ីលានរៀល, ការកាត់កម្រៃពីសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរចំនួន ២លានដុល្លារអាមរិក, វិភាគទានពីកាកបាទក្រហម ចំនួន ១លានដុល្លារអាមេរិក និងថវិកាបរិច្ចាគពីសប្បុរសជនទូទៅចំនួនប្រមាណ ៧ ១៦៣ លានរៀល និង ៣ លានដុល្លារអាមេរិក។

បើប្រៀបធៀបនឹងឆ្នាំ ២០១៩, វិភាគទានទទួលបានក្នុងឆ្នាំ ២០២០ មានការថយចុះប្រមាណ ២០% (ដោយមិនរាប់បញ្ចូលថវិកាគម្រោង H.EQUIP និងការបរិច្ចាគផ្ទាល់នៅមន្ទីរពេទ្យ)។

ថវិកាសប្បុរសធម៌នេះ ត្រូវបានបង្វែរជូនមន្ទីរពេទ្យគន្ធបុប្ផា តាមការស្នើសុំ និងតម្រូវការជាក់ស្តែង ។ បើគិតចាប់ពីថ្ងៃសម្ពោធ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០, «មូលនិធិគន្ធបុប្ផាកម្ពុជា» បានបង្វែរថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា បានចំនួន ២៤ លានដុល្លារអាមេរិក និង ៨ ប៊ីលានរៀល ក្នុងនោះ សម្រាប់ឆ្នាំ ២០២០ ចំនួន ៤លានដុល្លារអាមេរិក (ថវិកាទទួលបានពីកាកបាទក្រហមកម្ពុជាចំនួន ១ លានដុល្លារអាមេរិក, ថវិកាទទួលបានពីគ្រឹះស្ថានអង្គរក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៩ និងត្រីមាសទី ១, ២, និងទី ៣ ឆ្នាំ ២០២០ ចំនួនប្រមាណ ២ លានដុល្លារអាមេរិក, និងថវិកាចូលរួមសាងសង់ និងបំពាក់ឧបករណ៍នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ [មន្ទីរគន្ធបុប្ផា ខេត្តសៀមរាប] ចំនួន១លានដុល្លារអាមេរិក) ។

២៖ ការអនុវត្តសកម្មភាពរបស់មូលនិធិគន្ធបុប្ផាកម្ពុជា៖

ក្នុងរយៈពេល ១២ខែ នៃឆ្នាំ ២០២០ កន្លងទៅនេះ, «មូលនិធិគន្ធបុប្ផាកម្ពុជា» បានអនុវត្តសកម្មភាពសំខាន់ៗ រួមមាន៖ ការកៀរគរ និងទទួលការបិរច្ចាគវិភាគទានសប្បុរសធម៌, ការទំនាក់ទំនងសាធារណៈ និងការផ្សព្វផ្សាយអំពីមន្ទីរពេទ្យ និងមូលនិធិ ។

គិតត្រឹមខែ ធ្នូឆ្នាំ ២០២០, «មូលនិធិគន្ធបុប្ផាកម្ពុជា» សម្រេចបានការងារសំខាន់ៗ ដូចជាបានសហការ និងដាក់ហិបមូលនិធិនៅតាមក្រុមហ៊ុន និងទីតាំងសំខាន់ៗ សរុបចំនួន ១៦៦ ហិប, បានទទួលការផ្តល់វិភាគទានសប្បុរសធម៌ ដោយផ្ទាល់ជាមួយសប្បុរសជនទាំងពីក្រសួង-ស្ថាប័នរដ្ឋ និងឯកជនជាបន្តបន្ទាប់, បានសហការ និងផលិតឃ្លីបវីដេអូខ្លីអំពីមូលនិធិគន្ធបុប្ផាកម្ពុជា និងមន្ទីរពេទ្យគន្ធបុប្ផា ចំនួន ២៤ ឃ្លីប, ទទួលបានការគាំទ្រ និងបរិច្ចាគបណ្តើៗតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់មូលនិធិ, បានរៀបចំធ្វើបច្ចុប្បន្នកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលនិធិគន្ធបុប្ផាកម្ពុជា ដែលអាច ទាញយកទិន្នន័យសប្បុរសជន និងបង្កើតលិខិតថ្លែងអំណរគុណជាទម្រង់ឌីជីថល, បាន និងកំពុងរៀបចំធ្វើបច្ចុប្បន្នកម្មគេហទំព័រ មូលនិធិគន្ធបុប្ផាជាមួយ និងការរចនាថ្មី, ក៏ដូចជាបានចេញសេចក្ដីប្រកាសព័ត៌មានប្រចាំខែ និងត្រីមាស ជាសាធារណៈអំពីវឌ្ឍនភាពនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបង្ហាញអំពីតម្លាភាព, បាន និងកំពុងសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ និងក្រុមហ៊ុនផ្សេងៗ សរុបចំនួន ១៣ ស្ថាប័ន ដើម្បីសម្រួលការបរិច្ចាគ ក៏ដូចជាពង្រឹង និងពង្រីកការបរិច្ចាគតាមថ្នាលឌីជីថល ជាដើម ។

ក្រុមប្រឹក្សាបរធនបាល ក៏បានពិនិត្យពិភាក្សា និងអនុម័តលើផែនការសកម្មភាពឆ្នាំ ២០២១ និងបានផ្តល់ការណែនាំឱ្យបន្តការបង្កើត និងពង្រីករចនាសម្ព័ន្ធទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា នៅតាមបណ្តាខេត្ត និងក្រសួង-ស្ថាប័ន ផងដែរ ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានណែនាំឱ្យលេខាធិការដ្ឋាន «មូលនិធិគន្ធបុប្ផាកម្ពុជា» ខិតខំបន្ថែមទៀត ក្នុងការផ្សព្វផ្សាយដល់សាធារណជនឱ្យបានយល់ដឹងអំពីវត្តមាន និងសារៈសំខាន់នៃការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានេះ ក្នុងគោលដៅកៀរគរវិភាគទានសប្បុរសធម៌ ពីគ្រប់ទិសទីបន្ថែមទៀត ដើម្បីបន្តរួមចំណែកទ្រទ្រង់ដល់ប្រតិបត្តិការ និងនិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា និងលើកស្ទួយស្មារតី «ខ្មែរជួយខ្មែរ» ឱ្យបានកាន់តែទូលំទូលាយ៕