(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ បានប្រតិកម្មទៅនឹងការផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ ចំពោះអត្ថបទមួយ ដែលមានចំណងជើងព័ត៌មានថា «លោក ស ខេង ឱ្យបំបាត់សំឡេងរំខានលើសកម្រិតពីយានយន្ត»

អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ជូនសាធារណជន និងសារព័ត៌មានភ្នំពេញប៉ុស្តិ៍ថា បន្ទាប់ពីក្រសួងមហាផ្ទៃ បានដាក់ចេញសេចក្តីណែនាំ ស្តីពីការបង្កសំឡេងរំខានដោយយានយន្តគ្រប់ប្រភេទ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ប្រជាពលរដ្ឋទូទៅបានសម្តែងការអបអរសាទរ និងសន្យាចូលរួមអនុវត្តយ៉ាងសកម្មជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ចនៅមូលដ្ឋាន។ ទន្ទឹមនេះ ក៏មានមតិមួយចំនួនសម្តែងការយល់ឃើញផ្សេងៗថា ការណែនាំឲ្យលុបបំបាត់ ការបង្កសំឡេងពីយានយន្តកែច្នៃ គឺជារឿងល្អក្នុងការកាត់បន្ថយការរំខានដល់ពលរដ្ឋ ប៉ុន្តែវាមិនមែនជាចំណុចដែលមានហានិភ័យខ្ពស់ ក្នុងការបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបាត់បង់ជីវិតនោះទេ។

អ្នកនាំពាក្យដដែល បានគូសបញ្ជាក់ថា ការដាក់ចេញនូវវិធានការលុបបំបាត់សំឡេងរំខានលើសកម្រិត ដែលបង្កឡើងដោយយានយន្តគ្រប់ប្រភេទ គឺមិនមែនជារឿងថ្មីនោះទេ។ កិច្ចការនេះ ត្រូវបានចាត់តាំងអនុវត្តស្របតាមស្មារតីនៃច្បាប់ស្តីពី កិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ឆ្នាំ១៩៩៦ និងអនុក្រឹត្យលេខ ៤២ អនក្រ បក ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០០ ស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង ដែលបានកម្រិតកំណត់សំឡេងអតិបរមាអនុញ្ញាតឲ្យបញ្ចេញសំឡេងនៅលើផ្លូវសាធារណៈចំពោះយានយន្ត និងកម្រិតកំណត់សំឡេងអតិបរមាដែលអនុញ្ញាតនៅតំបន់សាធារណៈ និងតំបន់លំនៅដ្ឋាន ដែលក្នុងនោះរួមទាំងតំបន់មន្ទីរពេទ្យ សាលារៀន សណ្ឋាគារ និងគ្រឹះស្ថានរដ្ឋបាល ជាដើម។ល។

ផ្អែកលើមូលដ្ឋានគតិយុត្តខាងលើនេះ ប្រតិកម្មបែបចំអក និងមើលស្រាលចំពោះវិធានការនេះ ហាក់ដូចជាមានការរើសអើង និងមិនបានគិតគូរគ្រប់ជ្រុងជ្រោយ ដល់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ឬអ្នករងគ្រោះដោយប្រយោល ដោយសារសំឡេងរំខានទាំងនេះឡើយ។ សំឡេងរំខាន អាចមិនចោទជាបញ្ហាសម្រាប់អ្នកដែលពុំមានបញ្ហាសុខភាព ហើយទោះបីសំឡេងរំខានទាំងនេះ មិនសម្លាប់ជីវិតមនុស្សក៏ពិតមែនប៉ុន្តែវាបង្កការប៉ះពាល់ដល់សិទ្ធិរស់នៅ និងអារម្មណ៍របស់អ្នកដទៃ ជាពិសេសអ្នកជំងឺសម្រាកនៅតាមមន្ទីរពេទ្យ ឬនៅលំនៅដ្ឋាន ដែលត្រូវការភាពស្ងប់ស្ងាត់ជាប្រចាំ និងសិស្ស-និស្សិតដែលត្រូវការផ្តោតអារម្មណ៍លើការសិក្សារៀនសូត្រ ទោះនៅតាមគ្រឹះស្ថានអប់រំនានាក្តី ឬនៅតាមលំនៅដ្ឋានក្តី៕

សូមអានលិខិតខាងក្រោម៖