(ភ្នំពេញ)៖ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងលោក គឹម ឈុនអ៊ូ ប្រធានកិត្តិយស បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ចៅសង្កាត់ ព្រមទាំងសមាជិក-សមាជិកាអនុសាខាកាកបាទក្រហមជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ លោក ធឹម សំអាន បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
លោក ធឹម សំអាន បានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនដូច សព្វថ្ងៃនេះ ដោយជាក់ស្ដែង ទាក់ទងទៅនឹងការគ្រប់គ្រងជំងឺកូវីដ-១៩ សម្ដេច បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗជាច្រើន ដើម្បីទប់ស្កាត់មិនឱ្យមានការរីករាលដាលធ្ងន់ធ្ងរឡើយ ហើយមកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជាយើង ទាន់មានអ្នកស្លាប់ដោយសារជំងឺកូវីត-១៩ នោះទេ។
លើសពីនេះទៀត លោក ធឹម សំអាន សូមឱ្យបងប្អូនប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់ទៅ លើបញ្ហាអនាម័យជាប្រចាំ ដើម្បីចៀសវាងជំងឺឆ្លងផ្សេងៗ ជាពិសេស ជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ធ្វើឱ្យប្រជាជននៅ លើសកលលោក ក៏ដូចជាប្រទេសកម្ពុជា មានការព្រួយបារម្ភផងដែរ ដោយអនុវត្តតាម វិធីងាយៗទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានទី១ ក្រុមការងារចុះជួយសង្កាត់ទំនប់ទឹក ក៏បានឧបត្ថម្ភថវិកាក្នុងម្នាក់ ២០,០០០រៀល សរុប៣០,០០០រៀល។
លោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌបឹងកេងកង បានឲ្យដឹងថា អំណោយដែលបានចែកជូនដល់ដៃបងប្អូនប្រជាជនទីទ័លក្រនាពេលនេះ ដោយក្នុង០១គ្រួសារៗ ទទួលបានអង្ករ២៥គីឡូ, ទឹកត្រី២ដប, ទឹកស៊ីអ៉ីវ២ដប, ទឹកដោះគោ១កំប៉ុង, ស្ករសរ១កញ្ចប់, សារ៉ុង១, ម៉ាស់១ដុំអាល់កុល១ដប, មី១០កញ្ចប់ និងថវិកា ៣០,០០០រៀល និងប្រតិទិនប្រចាំឆ្នាំ១ផងដែរ៕